នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលអង់គ្លេស បានយល់ព្រមឲ្យចិនសាងសង់ស្ថានទូតធំបំផុតរបស់ខ្លួននៅអឺរ៉ុប ស្ថិតនៅក្នុងទីក្រុងឡុងដ្រ៍ ដោយពួកគេសង្ឃឹមថា នឹងធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បើទោះបីជាមានការព្រមានពីក្រុមអ្នកនយោបាយអង់គ្លេស និងសហរដ្ឋអាមេរិកថា ពួកគេអាចនឹងប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការធ្វើចារកម្មក៏ដោយ ។
ការឯកភាពបែបនេះ នឹងក្លាយជាកម្មវត្ថុនៃលក្ខខណ្ឌមួយចំនួនទៀត ។ ផែនការរបស់ចិន ក្នុងការសាងសង់ស្ថានទូតថ្មីនៅលើទីតាំងវិមានអាយុកាល ២ទសវត្សរ៍ Royal Mint Court ជិតអគារប៉មក្រុងឡុងដ្រ៍ បានជាប់គាំងអស់រយៈពេល ៣ឆ្នាំមកហើយ ដោយសារការជំទាស់ពីប្រជាពលរដ្ឋក្នុងស្រុក ក្រុមតំណាងរាស្រ្ត និងក្រុមចុះយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងនៅអង់គ្លេស ។
ការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសមុនដំណើរទស្សនកិច្ចតាមការរំពឹងទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្រ្តី Keir Starmer ក្នុងខែនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមេដឹកនាំអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨ ។
ក្រុមមន្រ្តីអង់គ្លេស និងចិនមួយចំនួន និយាយថា ដំណើរទស្សនកិច្ចខាងលើ គឺអាស្រ័យលើស្ថានទូតត្រូវបានអនុម័ត ។
អ្នកនយោបាយមួយចំនួននៅអង់គ្លេស និងសហរដ្ឋអាមេរិក បាននិយាយថា ចិនគួរតែត្រូវបានរារាំងពីការសាងសង់ស្ថានទូតនៅលើទីតាំងនោះ ស្ថិតនៅជិតស្រុកហិរញ្ញវត្ថុប្រវិត្តិសាស្រ្តបស់ទីក្រុងឡុងដ្រ៍ ដោយសារវាអាចជំរុញឲ្យទីក្រុងប៉េកាំង លួចស្តាប់ខ្សែកាបអុបទិក ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនហិរញ្ញវត្ថុ ក៏ដូចជាការធ្វើដំណើរនៅក្រោមតំបន់នោះ ៕