នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យសន្តិសុខ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងរង់ចាំបន្តផ្ដល់ការគាំទ្រ និងសហការជាមួយឯកអគ្គរដ្ឋទូតថ្មី។



