អ៊ុយក្រែន៖ អ្នកនាំពាក្យមួយរូបសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNCHR) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជំងឺផ្លូវចិត្ត ការបំពានលើជនភៀសខ្លួន និងតម្រូវការចាំបាច់សម្រាប់កុមារដែលកំពុងភៀសខ្លួនចេញពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន កំពុងក្លាយជារឿងកាន់តែបារម្ភខ្លាំងឡើងៗ។

យោងតាមទីភ្នាក់ងារនេះ មនុស្សប្រមាណ ២លាន ៣សែននាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធារយៈកាលជាង ២សប្ដាហ៍មកនេះ។ ចំនួននោះបានបន្តកើនឡើងជាលំដាប់ ខណៈដែលការបាញ់ផ្លោងពីកងទ័ពរុស្ស៊ីសម្រុកកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ ហើយជនស៊ីវិលត្រូវបានក្លាយជាគោលដៅ។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន AP អ្នកនាំពាក្យទីភ្នាក់ងារអង្គការនេះលោក Matthew Salzmarsh បាននិយាយថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ពុំមានរបាយការណ៍ផ្ទាល់ទាក់ទងនឹងអំពើហិង្សា និងការជួញដូរមនុស្សលើជនភៀសខ្លួនទេ ប៉ុន្តែករណីបំពានលើកុមារដ៏ច្រើន កំពុងធ្វើឲ្យក្លាយជាជនងាយរងគ្រោះបំផុតនៅទីនេះ។ លោកថា ទីភ្នាក់ងារនេះ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ព្រមទាំងរដ្ឋាភិបាលប៉ូឡូញបានដឹងច្បាស់ពីករណីនេះ និងកំពុងតាមដាន ដើម្បីព្យាយាមធ្វើឲ្យប្រាកដនឹងមិនមានបញ្ហាបែបនោះកើតឡើងឡើយ៕
អត្ថបទ៖ សុខមាន