លោក Mike Johnson ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះ បាននិយាយថា លោកមានទំនុកចិត្តថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងបន្តនូវអ្វីដែលហៅថា «ទំនាក់ទំនងពិសេស» របស់ប្រទេសទាំង២ និងធ្វើការរួមគ្នាដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញបញ្ហាកោះ Greenland ដែលគំរាមកំហែងធ្វើឲ្យទំនាក់ទំនងទ្វេភាគីផ្លាស់ប្ដូរ។
ដំណើរទស្សនកិច្ចរបស់លោក Johnson ដើម្បីប្រារព្ធខួបលើកទី២៥០ នៃការទទួលបានឯករាជ្យរបស់សហរដ្ឋអាមេរិកពីការគ្រប់គ្រងរបស់ទីក្រុងឡុងដ្រ៍ បានកើតឡើងនៅក្នុងពេលវេលាមិនសូវជាអំណោយផលដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដំឡើងពន្ធលើចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបដទៃទៀត ប្រសិនបើពួកគេមិនព្រមឲ្យសហរដ្ឋអាមេរិកទិញកោះ Greenland ទេនោះ។
ជាមួយគ្នានេះ លោក Trump ក៏បានរិះគន់ខ្លាំងៗផងដែរ ចំពោះនាយករដ្ឋមន្ត្រី លោក Keir Starmer ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីប្រគល់អធិបតេយ្យភាពកោះ Diego Garcia នៅប្រជុំកោះ Chagos ទៅឲ្យប្រទេសម៉ូរីស ដែលជាការកែប្រែជាក់ស្តែងនៃការគាំទ្រពីមុនរបស់រដ្ឋបាលនេះ ចំពោះកិច្ចព្រមព្រៀងនេះ។
អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភា នៅរដ្ឋសភាអង់គ្លេស លោក Johnson បានបញ្ជាក់ថា៖ «យើងតែងតែអាចដោះស្រាយបញ្ហាខ្វែងគំនិតគ្នារបស់យើងដោយស្ងប់ស្ងាត់ ក្នុងនាមជាមិត្តភក្តិ។ យើងនឹងបន្តធ្វើដូច្នេះ។ ខ្ញុំចង់ធានាចំពោះអ្នកនៅព្រឹកនេះថា ការធ្វើបែបនោះនៅតែបន្តមានដដែល»។
លោក Johnson បានបន្ថែមថា លោកបានជួបជាមួយលោក Starmer កាលពីថ្ងៃចន្ទ ហើយបាននិយាយថា លោកនាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវ «សារដ៏ត្រឹមត្រូវ និងសំឡេងដ៏ត្រឹមត្រូវ» នៅក្នុងសេចក្តីថ្លែងការណ៍ នាព្រឹកនោះ ដែលលោកបានជំរុញឲ្យមានការពិភាក្សាដោយស្ងប់ស្ងាត់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញបញ្ហាកោះ Greenland ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម និងបានសាទរចំពោះភាពជាដៃគូ រវាងប្រទេសទាំង២៕