កង្វក់បរិយាកាសនៅទីក្រុង Lahore បានឡើងដល់កម្រិតគ្រោះថ្នាក់នៅថ្ងៃអង្គារនេះ ក្នុងនោះសន្ទស្សន៍គុណភាពខ្យល់(AQI) ឡើងដល់កម្រិត ៥១៦ កាលពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ធ្វើឲ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរសម្រាប់ពលរដ្ឋជាង ១៣លាននាក់ រស់នៅក្នុងទីក្រុងរបស់ប្រទេសប៉ាគីស្ថានមួយនេះ ។
ផ្សែងអ័ព្ទយ៉ាងក្រាស់ បានកាត់បន្ថយរយៈចម្ងាយមើលឃើញមកនៅត្រឹមប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ បង្កការអាក់ខានដល់ការធ្វើចរាចរណ៍ នៅទីក្រុង Lahore ដែលស្ថិតនៅក្នុងចំណោមទីក្រុងមានកង្វក់បរិយាកាសអាក្រក់បំផុតនៅលើពិភពលោក អំឡុងរដូវរងា ។
ប្រជាពលរដ្ឋបានបង្ហាញការខឹងសម្បាររបស់ពួកគេចំពោះអ្វីដែលពួកគេចាត់ទុកថា ជាវិធានការប្រយុទ្ធប្រឆាំងមិនគ្រប់គ្រាន់ពីក្រុមអាជ្ញាធរ ។
លោក Mohammad Azhar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Lahore និយាយរិះគន់ចំពោះចំណាត់ការរយៈពេលខ្លីដូចជាការបាញ់ទឹក ដោយរូបលោកនិយាយថា វិធានការយូរអង្វែងត្រូវការការផ្លាស់ប្តូរឥរិយាបថសាធារណៈជន និងការយល់ដឹងកាន់តែច្រើន ។
លោក Andeel Saboor គឺជាពលរដ្ឋមួយរូបទៀតនិយាយដែរថា វិធានការមួយចំនួនរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដូចជាការដឹកជញ្ជូនសាធារណៈថ្មី និងការបាញ់ទឹកប្រឆាំងអ័ព្ទ គួរតែបង្កើន និងផ្តោតសំខាន់លើតំបន់ទីក្រុងក្នុងៗដែលមានមនុស្សរស់នៅច្រើន និងមានមនុស្សចាស់ជរារស់នៅ ។
ក្រុមអ្នកជំនាញបរិស្ថាន បានដាក់ការស្តីបន្ទោសកង្វក់បរិយាកាសនេះ លើការបំភាយឧស្ម័នរបស់រថយន្ត និងរោងចក្រ ក៏ដូចជាការដុតកាកសំណល់កសិកម្ម ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ខ្យល់ពុល ៕