នៅថ្ងៃអង្គារនេះ ព្យុះដ៏ខ្លាំងក្លា បានវាយប្រហារទីក្រុង Catania ស្ថិតលើកោះ Sicily ដោយវាបោកបក់ពន្លិចទូកនេសាទនៅកំពង់ផែ ជន់លិចផ្លូវថ្នល់ និងបង្ខំឲ្យសាលារៀនបិទទ្វារ ខណៈក្រុមអាជ្ញាធរចេញសេចក្តីប្រកាសអាសន្នអាកាសធាតុកម្រិតខ្ពស់បំផុតនៅទូទាំងតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ។
ក្រុមការពារស៊ីវិលអ៊ីតាលី បានប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅតាមតំបន់ជាច្រើនលើកោះ Sicily ព្រមានពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ដូចព្យុះ និងការកញ្ជ្រោលឡើងរបស់ព្យុះ ។
នៅទីក្រុង Catania ភ្លៀងធ្លាក់ខ្លាំង បានបោកបក់កំពង់ផែ បណ្តាលឲ្យខូចខាតនាវាដែលចតនៅលើច្រាំង ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ឆ្លើយតបការហៅទូរស័ព្ទពាក់ព័ន្ធនឹងទឹកជំនន់ និងកម្ទេចកម្ទីធ្លាក់លើដី ។
ក្រុមមន្រ្តីក្នុងតំបន់ និយាយថា សាលារៀនត្រូវបានបិទនៅតាមបណ្តាក្រុងចំនួន ១៥០ ក្នុងនោះការដឹកជញ្ជូនត្រូវបានអាក់ខានផងដែរនៅតាមតំបន់ឆ្នេរ ។
សេវាកម្មសង្រ្គោះបន្ទាន់ កំពុងស្ថិតក្រោមការប្រុងជើងការខ្ពស់ ស្របពេលក្រុមព្យាករឧតុនិយម ព្រមានថា អាកាសធាតុអាក្រក់ នឹងបន្តមានរហូតដល់ពេលល្ងាច ដោយពួកគេជំរុញឲ្យអ្នកស្រុកចៀសវៀងធ្វើដំណើរពុំចាំបាច់ ឬធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ៕