ក្រុមមន្រ្តីនិយាយនៅថ្ងៃអង្គារនេះថា ចំនួនភ្ញៀវទេសចរជាប់កំណត់ត្រា បានធ្វើដំណើរទៅលេងប្រទេសជប៉ុន ក្នុងឆ្នាំ ២០២៥ បើទោះបីជាមានការធ្លាក់ចុះខ្លាំងនូវចំនួនភ្ញៀវទេសចរចិន ក្នុងខែធ្នូក៏ដោយ ស្របពេលជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ នៅតែបន្ត ។
យោងតាមការអះអាងរបស់ក្រសួងដឹកជញ្ជូនជប៉ុន បានឲ្យដឹងថា កាលពីឆ្នាំមុន ជប៉ុនមើលឃើញការមកដល់របស់ភ្ញៀវទេសចរ ៤២,៧លាននាក់ ពោលគឺច្រើនជាងចំនួនជាប់កំណត់ត្រា ៣៧លាននាក់កាលពីឆ្នាំ ២០២៤ ដោយសារប្រាក់យ៉េនចុះខ្សោយ បានជំរុញគោលដៅទេសចរណ៍នៅក្នុងប្រទេសនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរមកពីចិន បានធ្លាក់ចុះកាលពីខែមុនចំនួន ៤៥ភាគរយ ធៀបនឹងរយៈពេល ១ឆ្នាំមុន មកនៅចំនួន ៣៣ម៉ឺននាក់ ។
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ថា ទីក្រុងតូក្យូ អាចនឹងធ្វើអន្តរាគមន៍ផ្នែកយោធា ក្នុងករណីមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់នោះ បង្កឲ្យមានប្រតិកម្មការទូតយ៉ាងខ្លាំងក្លាពីចិនដែលក្រោយមក ពួកគេបានជំរុញពលរដ្ឋរបស់ខ្លួន ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ។ សេចក្តីប្រកាសនៅថ្ងៃអង្គារនេះដែរ បង្ហាញពីការព្រមានមួយ មានផលប៉ះពាល់លើចំនួនភ្ញៀវទេសចរទៅលេងប្រទេសជប៉ុន ។
យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចិនបានក្លាយជាប្រភពធំបំផុតនៃភ្ញៀវទេសចរទៅលេងប្រទេសជប៉ុន ក្នុងនោះពួកគេមានភ្ញៀវទេសចរចិនជិត ៧,៥លាននាក់ នៅរយៈពេល ៩ខែដំបូងក្នុងឆ្នាំ ២០២៥ ដែលស្មើនឹង ១ភាគ ៤នៃភ្ញៀវទេសចរបរទេសទាំងអស់ ៕