អ្នកជំនាញនិយាយនៅថ្ងៃអង្គារនេះថា ការរួមផ្សំកត្តាបរិស្ថានបង្កឲ្យមានស្ថានភាពត្រីឆ្លាមកាន់តែគ្រោះថ្នាក់នៅតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលីក្នុងសប្តាហ៍នេះ ជាហេតុបង្កើនលទ្ធភាពនៃការពើបប្រទះជាមួយមនុស្ស ។
តំបន់ឆ្នេររាប់សិបកន្លែងនៅតាមមាត់សមុទ្រភាគខាងកើតប្រទេសអូស្រ្តាលី រួមទាំងនៅទីក្រុងស៊ីដនី បានបិទនៅថ្ងៃអង្គារនេះ ក្រោយការវាយប្រហាររបស់ត្រីឆ្លាម ៤លើក ក្នុងរយៈពេល ២ថ្ងៃ ។
តំបន់ឆ្នេរនៅជុំវិញកំពង់ផែ Macquarie ដែលមានចម្ងាយប្រហែល ៤០០គ.មភាគខាងជើងទីក្រុងស៊ីដនីបានបិទ ក្រោយបុរសម្នាក់ ត្រូវបានត្រីឆ្លាមខាំ ខណៈពេលជិះរលកនៅព្រឹកថ្ងៃអង្គារនេះ ។
ក្រុមអាជ្ញាធរសុខភាពនិយាយថា ជនរងគ្រោះម្នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពុំស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងដល់អាយុជីវិតនោះទេ ។
ការបិទតំបន់ឆ្នេរនេះដែរ បានកើតមាននៅពាក់កណ្តាលរដូវក្តៅអឌ្ឍគោលខាងត្បូង ពេលដែលតំបន់ឆ្នេរនៅទូទាំងអូស្រ្តាលី ពោពេញដោយអ្នកស្រុក និងភ្ញៀវទេសចរ ។
កាលពីល្ងាចថ្ងៃចន្ទ សេវាកម្មសង្រ្គោះបន្ទាន់ ត្រូវបានទូរស័ព្ទហៅឲ្យទៅកាន់តំបន់ឆ្នេរ Manly ស្ថិតនៅទីក្រុងស៊ីដនី ក្រោយសេចក្តីរាយការណ៍ថា អ្នកជិះរលកម្នាក់ ដែលមានវ័យជាង ២០ឆ្នាំ ត្រូវបានត្រីឆ្លាមខាំ ។
ការវាយប្រហាររបស់ត្រីឆ្លាមនេះបានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឲ្យទឹកស្អុយហូរចូលកំពង់ផែ និងតំបន់ឆ្នេរ ។
អ្នកស្រី Victoria Camilieri-Asch គឺជាអ្នកជំនាញមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងដឹងថា ត្រីឆ្លាមផ្លាស់ទីជម្រកទៅកាន់ទីមានទឹកក្តៅ ដែលជាតំបន់ឆ្នេរ ពាម និងប្រព័ន្ធទន្លេ ។ អ្នកស្រីបន្តថា កត្តាទាំង ៣នេះហើយ រួមផ្សំបង្កឲ្យមានស្ថានភាពដែលបានកើតឡើងនេះ ៕