ព្រិលច្រើនបំផុតក្នុងរយៈពេល ៦០ឆ្នាំ បានធ្លាក់នៅឧបទ្វីប Kamchatka ស្ថិតនៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី បង្កើតជាកម្រាស់ព្រិលជាច្រើនម៉ែត្រដែលបិទច្រកចូលក្នុងអគារលំនៅដ្ឋាន និងកប់ពន្លិចរថយន្តជាច្រើនគ្រឿង ។
យោងតាមការអះអាងរបស់ស្ថានីយតាមដានឧតុនិយម បានឲ្យដឹងថា នៅតាមតំបន់ខ្លះ ព្រិលកម្រាស់ជាង ២ម៉ែត្រ បានធ្លាក់ រយៈពេលកន្លះខែដំបូងក្នុងខែមករានេះ ក្រោយព្រិលធ្លាក់កម្រាស់ ៣,៧ម៉ែត្រនៅពីខែធ្នូ ។
រូបថតសន្លឹកពីទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ រថយន្តត្រូវបានកប់ពន្លិចទាំងស្រុងនៅក្នុងព្រិលកម្រាស់ច្រើនម៉ែត្រ ។ អ្នកស្រុកត្រូវបានគេមើលឃើញជីកផ្លូវចូលទៅក្នុងអគារផ្ទះល្វែងរបស់ពួកគេ ។
អ្នកស្រី Polina Tuchieva គឺជាអ្នកសរសេរគេហទំព័រមួយរូបនៅទីក្រុង Petropavlovsk-Kamchatsky ដែលជាទីក្រុងកំពង់ផែមានចម្ងាយប្រហែល ៦.៨០០គ.មភាគខាងកើតទីក្រុងម៉ូស្គូ បង្ហាញរូបភាពដែលរថយន្តរបស់គាត់ ត្រូវបានគ្របដណ្តប់ដោយព្រិលកម្រាស់ច្រើនម៉ែត្រ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមរុស្ស៊ី ឃើញអ្នកស្រុកដើរកាត់ព្រិលរសាត់អណ្តែតតាមភ្លើងចរាចរណ៍ ហើយនិងគំនរព្រិលកម្រាស់ច្រើនម៉ែត្រ ស្ថិតនៅអមសងខាងតាមបណ្តោយផ្លូវ ៕