លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមសារវាយប្រហារថ្មីមួយសំដៅលើសម្ព័ន្ធមិត្ត NATO ជុំវិញការប្តេជ្ញាចិត្តរបស់លោកគ្រប់គ្រងដែនកោះហ្គ្រីនលែន(Greenland) ដោយបង្កើនភាពតានតឹងជាមួយមេដឹកនាំអឺរ៉ុបមុនពេលលោកបង្ហាញខ្លួនក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសនៅសប្តាហ៍នេះ។

សង្គ្រាមវោហារសាស្ត្រកាន់តែក្ដៅគគុកលើកោះអាកទិកមួយនេះ បានគំរាមកំហែងដល់ការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប និងបំផ្លាញសម្ព័ន្ធមិត្ត NATO ដែលបានគាំទ្រសន្តិសុខលោកខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍។ លោក Trump គ្រោងនឹងទៅដល់ទីក្រុងរមណីយដ្ឋានជិះស្គី Swiss Alpineនៅថ្ងៃពុធនេះសម្រាប់កិច្ចប្រជុំរបស់ឥស្សរជនពិភពលោកមកពីពិភពជំនួញ រដ្ឋាភិបាល និងវប្បធម៌។

ប៉ុន្តែមុននោះ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ លោក Trump បានបង្ហោះសាររិះគន់លើបណ្ដាញសង្គម Truth Social ជាបន្តបន្ទាប់ដែលវាយប្រហារប្រធានាធិបតីបារាំង Emmanuel Macron។ នៅក្នុងការបង្ហោះមួយរបស់លោក Trump បានចែករំលែកសារមួយដែលបានផ្ញើមកកាន់រូបលោក ពីលោក Macron ដែលនិយាយថា "ខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងធ្វើនៅលើកោះ Greenlandទេ"។ មន្ត្រីបារាំងមួយរូបបានបញ្ជាក់ពីភាពត្រឹមត្រូវនៃសារនេះទៅកាន់សារព័ត៌មាន USA TODAY។

រឿងនេះកើតឡើងខណៈក្រុមមេដឹកនាំសហភាពអឺរ៉ុបពិភាក្សាអំពីពន្ធសងសឹកដែលអាចកើតមានលើការនាំចូលរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ១០៨ ពាន់លានដុល្លារ បន្ទាប់ពីលោក Trump បានប្រកាសពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុបដែលប្រឆាំងនឹងជំហររបស់លោកលើការដណ្ដើមយកកោះ Greenland ដែលជាផ្នែកស្វយ័តរបស់ព្រះរាជាណាចក្រដាណឺម៉ាក។ លោក Trump បានទទូចថាលោកនឹងយក Greenland សម្រាប់សហរដ្ឋអាមេរិកដោយកម្លាំងប្រសិនបើចាំបាច់៕