ប្រជាជនសហរដ្ឋអាមេរិក ដែលជាបុគ្គលិកនិងនិស្សិតរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាដើរជាក្បួនឆ្លងកាត់ទីក្រុង និងបរិវេណសាកលវិទ្យាល័យនានានៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ (២០ មករា) ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោកប្រធានាធិបតី Donald Trump។

នៅខួបមួយឆ្នាំនៃអាណត្តិទីពីររបស់លោក Trump ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស ប្រឆាំងនឹងការបង្ក្រាបអន្តោប្រវេសន៍យ៉ាងខ្លាំងក្លារបស់លោក ខណៈការខឹងសម្បារកាន់តែអាក្រក់ឡើងបន្ទាប់ពីភ្នាក់ងារសហព័ន្ធបានចាប់អូសពលរដ្ឋអាមេរិកម្នាក់ ជាស្រ្តីវ័យ ៣៧ ឆ្នាំឈ្មោះអ្នកស្រី Renee Good ចេញពីរថយន្តរបស់នាងនិងបានបាញ់សម្លាប់នារីរូបនោះ នៅទីក្រុង Minneapolis ក្នុងប៉ុន្មានសប្តាហ៍កន្លងមក។
យោងតាមវីដេអូលើបណ្ដាញអ៊ីនធឺណិត បានបង្ហាញឱ្យឃើញថា ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងធំៗដូចជា វ៉ាស៊ីនតោន និងទីក្រុងតូចៗដូចជាក្រុង Asheville រដ្ឋ North Carolina ជាដើម ជាទីដែលក្រុមបាតុករដើរក្បួនឆ្លងកាត់ទីប្រជុំជន ដោយស្រែកសំដៅលើក្រុមមន្រ្តីអន្តោប្រវេសន៍ថា «គ្មាន ICE គ្មាន KKK គ្មានសហរដ្ឋអាមេរិកដែលហ្វាស៊ីសនិយម»។ បាតុកម្មត្រូវបានគ្រោងទុកថានឹងរំកិលទៅភាគខាងលិច ទៅកាន់ទីក្រុងផ្សេងទៀតដូចជា ទីក្រុង San Francisco និងទីក្រុង Seattle ដែលការតវ៉ាកាន់តែច្រើនបន្ថែមទៀតត្រូវបានគ្រោងទុកនៅទីនោះ។
រដ្ឋបាលលោក Trump និយាយថា ខ្លួនមានអាណត្តិពីអ្នកបោះឆ្នោត ក្នុងការនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ដែលរស់នៅប្រទេសដោយខុសច្បាប់។ យ៉ាងណាមិញ ការស្ទង់មតិថ្មីៗនេះបង្ហាញថា ជនជាតិអាមេរិក ភាគច្រើន មិនពេញចិត្តនឹងការប្រើប្រាស់កម្លាំងបាយដោយក្រុមមន្ត្រីនៃការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) និងភ្នាក់ងារសហព័ន្ធផ្សេងទៀតនោះទេ៕


