ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ និងបន្តរហូតដល់ថ្ងៃអង្គារ២០មករា បានបង្ខំឱ្យទីក្រុងគីវបាញ់មីស៊ីលស្ទាក់ចាប់ ដែលគិតជាទឹកប្រាក់ប្រមាណ ៨០ លានអឺរ៉ូ ប្រហែល ៩៤ លានដុល្លារអាមេរិក។
លោក Zelenskyy បាននិយាយតាមរយៈ WhatsApp ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីស្តុកមីស៊ីលស្ទាក់ចាប់អាវុធ ថា សូមស្រមៃមើលថាតើតម្លៃនៃមីស៊ីលទាំងនេះមានចំនួនធំប៉ុណ្ណា។

តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះគ្របដណ្តប់តែមីស៊ីលស្ទាក់ចាប់អាវុធប៉ុណ្ណោះ ហើយទំនងជាមិនរាប់បញ្ចូលគ្រាប់រំសេវផ្សេងទៀត ដែលបានចំណាយដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ដែលក៏រួមបញ្ចូលទាំងយានដ្រូនរាប់រយគ្រឿងផងដែរ។

យោងតាមទិន្នន័យពីកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់មីស៊ីលផ្លោងចំនួន ១៨ គ្រាប់ មីស៊ីលកម្រង់គោលដៅ ចំនួន ១៥ គ្រាប់ និងមីស៊ីលប្រឆាំងនាវាមួយគ្រាប់ពេញមួយយប់។កងទ័ពអាកាសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមីស៊ីល ២៧ គ្រាប់ត្រូវបានបាញ់ទម្លាក់ ខណៈ ៥ គ្រាប់បានវាយប្រហារគោលដៅ។

ទោះបីជាអ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសបន្ថែមមួយចំនួនពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ក៏លោក Zelenskyy បាននិយាយថា នៅតែត្រូវការប្រព័ន្ធការពារបន្ថែមទៀត រួមជាមួយនឹងមីស៊ីលស្ទាក់ចាប់អាវុធបន្ថែមផងដែរ ដើម្បីតាមទាន់ការវាយប្រហាររបស់រុស្ស៊ី៕