ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងលុបបំបាត់អ៊ីរ៉ង់លែងឲ្យមានមុខនៅលើភពផែនដីនេះទៀត ប្រសិនបើប្រទេសនេះលបធ្វើឃាតលោក ស្របពេលភាពតានតឹងរវាងប្រទេសទាំងពីរនៅតែក្ដៅគគុកនៅឡើយជុំវិញការបង្ក្រាបការតវ៉ាដ៏ហិង្សា ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី «Katie Pavlich Tonight» របស់សារព័ត៌មាន News Nation សហរដ្ឋអាមេរិក ថាប្រទេសទាំងមូលនឹងត្រូវបំផ្ទុះកម្ទេចចោល។
លោកបន្ថែមថា រូបលោកមានការណែនាំយ៉ាងម៉ឺងម៉ាត់ បើមានអ្វីកើតឡើង ពួកគេនឹងត្រូវបាត់មុខចេញពីមុខភពផែនដីនេះ។
អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ២០មករា សប្ដាហ៍នេះ បានព្រមានលោក Trump កុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសនេះ លោក Ayatollah Ali Khamenei ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យបញ្ចប់ការគ្រប់គ្រងជិត៤០ ឆ្នាំរបស់លោក Khamenei។
លោកឧត្តមសេនីយ៍ Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា លោក Trump ដឹងថា ប្រសិនបើដៃឈ្លានពានណាមួយត្រូវបានលាតសន្ធឹងមករកមេដឹកនាំរបស់អ៊ីរ៉ង់ ពួកលោកមិនត្រឹមតែកាត់ដៃនោះទេ ប៉ុន្តែពួកលោកថែមទាំងនឹងដុតពិភពលោករបស់ពួកគេទៀតផង។
លោក Trump ធ្លាប់បាននិយាយថា លោកបានផ្តល់ការណែនាំដល់ទីប្រឹក្សារបស់លោកឱ្យបំផ្លាញអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះនៅពីក្រោយការលបលួចធ្វើឃាតរូបលោក៕

