គុនចម្រុះ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និងអ្នកលេងគុនចម្រុះឥណ្ឌូនេស៊ី Eko Roni Saputra នឹងត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍ ONE: LIGHT OUT នៅប្រទេសសិង្ហបុរីនៅថ្ងៃទី១១ ខែមីនានេះ ខណៈអ្នកទាំងពីររំពឹងថា ការប្រកួតល្ងាចនេះនឹងមិនចប់ ៣ទឹកឡើយ។
សម្រាប់កីឡាករ Eko Roni បានចាត់ទុក ចាន់ រតនា គឺជាដៃគូដ៏ខ្លាំងបំផុតក្នុងអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន ហើយគេបានដាក់គោលដៅចង់ឈ្នះជើងខ្លាំងគុនខ្មែររូបនេះ ដើម្បីដំណើរឆ្ពោះទៅកាន់ក្នុងចំណោមកីឡាករជើងខ្លាំងលំដាប់កំពូលទាំង ៥ នៃប្រភេទទម្ងន់ Flyweight។ Eko Roni បានកោតសរសើរចំពោះជំនាញ និងភាពជោគជ័យក្នុងប្រដាល់គុនខ្មែររបស់ ចាន់ រតនា តែរូបគេថាមិនបារម្ភចំពោះក្បាច់វ៉ៃឈរ ដូចជាការប្រើកណ្ដាប់ដៃ ឬទាត់របស់ រតនា ឡើយ លើសពីនេះ Roni ថែមទាំងប្ដេជ្ញាបញ្ឈប់អ្នកលេងគុនចម្រុះកម្ពុជាពាក់កណ្ដាលផ្លូវទៀតផង។ ដោយឡែក ចាន់ រតនា បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតថា ការប្រកួតនេះប្រើពេលយ៉ាងយូរត្រឹម ២ទឹកប៉ុណ្ណោះ តែខ្លួនមិនហានអះអាងថា នរណាបញ្ឈប់នរណានោះទេ ប៉ុន្ដែរូបគេតែងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងដោយសង្ឃឹមយកឈ្នះ ១០០% ក្នុងការប្រកួតនេះ។
ទន្ទឹមជាមួយគ្នា រតនា បានផ្ដាំទៅអ្នកជំនាញចំបាប់ឥណ្ឌូនេស៊ីថា ប្រិសនបើ Eko Roni ចង់ឡើងទៅកាន់លំដាប់កំពូលទាំង ៥ គឺត្រូវឆ្លងកាត់ខ្លួនឲ្យផុតសិន។ អ្នកលេងគុនខ្មែរូបនេះបានប្ដេជ្ញានឹងធ្វើការរារាំង Roni ដោយនឹងឲ្យអាជ្ញាកណ្ដាលលើកដៃខ្លួនឡើងលើក្នុងការប្រកួតនេះ។ កីឡាករវ័យ ៣៦ឆ្នាំដដែលបានបន្ថែមថា ការប្រកួតនេះពិតជាសំខាន់ដែលខ្លួនទាមទារជ័យជម្នះដាច់ខាត ព្រោះប្រកួតចុងក្រោយខ្លួនបានចាញ់កីឡាករចិន Xie Wei។ ដូច្នេះអ្វីដែលខ្លួនត្រូវខ្វល់ មិនមែនជាការរក្សាកំណត់ត្រាឈ្នះលើកីឡាករឥណ្ឌូនេស៊ី ឬសងសឹងអ្វីនោះទេគឺការយកឈ្នះ Eko Roni ឲ្យខានតែបាន៕
អត្ថបទ៖ លី ឈុនឡា