បណ្ដាមេដឹកនាំអឺរ៉ុប ដែលកំពុងតែរងភាពរង្គោះរង្គើដោយចំណាត់ការសកលថ្មីបំផុតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅតំបន់អាកទិក កំពុងបង្ហាញរណសិរ្សរួបរួមគ្នានៅទីក្រុងដាវ៉ូស ប្រទេសស្វីស ខណៈនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗ បានព្រមានប្រឆាំងនឹង «ការឆ្លើយតបដោយប្រើអារម្មណ៍» ចំពោះមហិច្ឆតារបស់ប្រធានាធិបតីអាមេរិករូបនេះ ក្នុងការក្រសោបយកកោះហ្គ្រីនលែន (Greenland) ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រើភាសាខ្លាំងៗថា សហភាពអឺរ៉ុប មិនគួរឱនក្បាលទៅនឹង «ច្បាប់របស់អ្នកខ្លាំងបំផុត» នោះទេ ដោយបន្ថែមថា នេះជារឿង «ដ៏ឆ្កួតលីលា» ដែលប្លុកនេះត្រូវចំណាយពេលពិចារណា ក្នុងការប្រើប្រាស់ «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ» របស់ខ្លួន ទល់នឹងសហរដ្ឋអាមេរិក។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយដោយមិនលើកឈ្មោះលោក Trump ចំៗថា អឺរ៉ុបត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏ខ្លាំងក្លាក្នុងពិភពលោក ហើយនិយាយថា ល្បឿន និងទំហំនៃការផ្លាស់ប្តូរនោះ បានជំរុញឱ្យមានការឯកភាពគ្នាថាត្រូវតែ «កសាងអឺរ៉ុបថ្មីមួយដែលឯករាជ្យ»។ ឧបនាយករដ្ឋមន្ត្រីស៊ុយអែត លើកឡើងថា ការប៉ុនប៉ងយកឈ្នះចិត្តលោក Trump ដោយការកោតសរសើរ ដូចដែលធ្លាប់ធ្វើពីមុនមក មិនដំណើរការនោះទេ។
យ៉ាងណាមិញ បណ្ដាធុរជនធំៗ ធនាគារិកជាន់ខ្ពស់ និងនាយកប្រតិបត្តិមួយចំនួននៅទីក្រុងដាវ៉ូស បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេយល់ឃើញថា ការឆ្លើយតបពីមេដឹកនាំអឺរ៉ុប ចំពោះចំណាត់របស់លោក Trump គឺជា «ការប្រើអារម្មណ៍» ជាជាង «ភាពជាក់ស្តែង»។ ពួកគេសង្កត់ធ្ងន់ថា ទ្វីបនេះគួរតែមើលឱ្យឆ្ងាយហួសពីការថ្លែងសាររបស់ប្រធានាធិបតីអាមេរិក និងធ្វើកិច្ចចរចាប្រសើរជាង៕

