ប្រភពនានាក្នុងក្រុមហាម៉ាសនៅហ្កាហ្សាបានបង្ហាញថា ឥស្សរជនជាន់ខ្ពស់ក្នុងចលនានេះកំពុងត្រៀមខ្លួន ចាកចេញដោយសុវត្ថិភាពពីតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ បន្ទាប់ពីការរៀបចំទាក់ទងនឹងអនាគតហ្កាហ្សា ក្រោមដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលសហរដ្ឋអាមេរិកបានប្រកាសថាបានចាប់ផ្តើមកាលពីសប្តាហ៍មុន ខណៈមានការសង្ស័យថាពួកគេនឹងវិលត្រឡប់មកវិញ ។

ប្រភពចំនួន៣ពីក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន Asharq Al-Awsat ថា មេដឹកនាំនយោបាយ និងយោធាលេចធ្លោជាច្រើនដែលបានរួចផុតពីសង្គ្រាមកំពុងត្រៀមខ្លួនចាកចេញពីដែនដីនេះ។ ប្រភពមួយបាននិយាយថា ការចាកចេញនេះនឹងធ្វើឡើងដោយស្ម័គ្រចិត្ត និងត្រូវបានអនុវត្តក្រោមការរៀបចំជាក់លាក់ ដោយមានការសម្របសម្រួលពេញលេញជាមួយថ្នាក់ដឹកនាំក្រុមហាម៉ាសនៅបរទេស។ ចំណែកប្រភពមួយទៀតបានកត់សម្គាល់ថា មេដឹកនាំផ្សេងទៀត ជាពិសេសឥស្សរជនយោធា បដិសេធយ៉ាងដាច់អហង្ការចំពោះការចាកចេញពីតំបន់ហ្កាហ្សា មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
ពេញមួយសង្គ្រាមជិតពីរឆ្នាំ ក្រុមមន្ត្រីហាម៉ាសបាននិយាយម្តងហើយម្តងទៀតអំពីការបដិសេធរបស់ពួកគេក្នុងការដកថ្នាក់ដឹកនាំចលនាចេញពីតំបន់ហ្កាហ្សា។
យោងតាមប្រភពដដែល អតីតអ្នកទោសមួយចំនួនដែលត្រូវបានដោះលែងក្នុងកិច្ចព្រមព្រៀងដោះដូរឆ្នាំ ២០១១ ជាថ្នូរជាមួយទាហានអ៊ីស្រាអែលលោក Gilad Shalit ដែលឥឡូវនេះកំពុងគ្រប់គ្រងការងារសំខាន់ៗក្នុងថ្នាក់ដឹកនាំហាម៉ាស ត្រូវគេរំពឹងថានឹងស្ថិតក្នុងចំណោមអ្នកដែលធ្វើដំណើរទៅកាន់ប្រទេសទួរគី។
ប្រភពដាច់ដោយឡែកបានផ្តល់ឱ្យសារព័ត៌មាន Asharq Al-Awsat នូវឈ្មោះមេដឹកនាំជាច្រើននាក់ដែលគេជឿថាទំនងជាចាកចេញ ទោះបីជាខ្លួនកំពុងចៀសវាងការចេញផ្សាយអំពីពួកគេដោយសារតែមិនអាចទាក់ទងពួកគេបានភ្លាមៗក៏ដោយ។មួយចំនួនក្នុងចំណោមឥស្សរជនទាំងនេះ ទើបតែត្រូវបានតែងតាំងថ្មីៗទៅកាន់តំណែងជាអ្នកដឹកនាំក្នុងការិយាល័យនយោបាយរបស់ហាម៉ាសនៅហ្កាហ្សា ជាផ្នែកមួយនៃការរៀបចំអង្គការថ្មីដែលមានគោលបំណងកសាងឡើងវិញ និងរៀបចំរចនាសម្ព័ន្ធចលនានេះជាថ្មី៕

