ឧបនាយករដ្ឋមន្ត្រី លោក He Lifeng បាននិយាយទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃអង្គារ ទី២០ ខែមករា ថា ប្រទេសចិនមិនដែលជំរុញអតិរេកពាណិជ្ជកម្មដោយចេតនាទេ ហើយមានឆន្ទៈក្នុងការក្លាយជា «ទីផ្សារពិភពលោក» បន្ទាប់ពីក្រុមហ៊ុនផលិតខ្នាតយក្ស បានកត់ត្រាអតិរេកខ្ពស់ដែលនឹងធ្វើឱ្យដៃគូពាណិជ្ជកម្មរបស់ខ្លួនព្រួយបារម្ភ។

លោកបាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅរមណីយដ្ឋានជិះស្គីទីក្រុងDavos ប្រទេសស្វីសថា ប្រទេសចិនមានឆន្ទៈក្នុងការបណ្តាក់ទុកលើ «ទីផ្សារខ្នាតធំ» របស់ខ្លួន និងពង្រីកការនាំចូល «ឱ្យកាន់តែខ្លាំងក្លា»។ លោកនិយាយថា «យើងមិនត្រឹមតែមានឆន្ទៈក្នុងការក្លាយជារោងចក្ររបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឆន្ទៈក្នុងការក្លាយជាទីផ្សាររបស់ពិភពលោកផងដែរ»។

កាលពីឆ្នាំមុន តម្រូវការទំនិញដែលផលិតនៅក្នុងប្រទេសចិនបានជួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះឱ្យទប់ទល់នឹងបញ្ហាប្រឈមពីគោលនយោបាយពាណិជ្ជកម្មមិនស្ថិតស្ថេររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងការលក់យឺតនៅក្នុងប្រទេស។
ទោះជាយ៉ាងណា ការពឹងផ្អែកលើការនាំចេញរបស់ចិនបានបង្កើតលើសពីសមត្ថភាពផលិតកម្ម និងបានធ្វើឱ្យវាប្រឈមនឹងការរុញច្រានពីប្រទេសដែលកំពុងស្វែងរកការការពារវិស័យផលិតកម្មរបស់ខ្លួន។