ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា តុលាការជប៉ុន នៅថ្ងៃពុធ (២១ មករា) នេះ បានកាត់ទោសបុរសវ័យ ៤៥ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅក្នុងហេតុការណ៍មួយដែលបានធ្វើឱ្យកក្រើកប្រទេសជប៉ុន កាលពីជាង ៣ឆ្នាំមុន។

បុរសនោះឈ្មោះ Tetsuya Yamagami ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ក្នុងខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបាញ់ប្រហារលើលោក អាបេ បណ្តាលឱ្យស្លាប់ ដោយប្រើកាំភ្លើងកែច្នៃមួយដើម ខណៈពេលដែលអតីតមេដឹកនាំរូបនេះកំពុងថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត នៅទីក្រុង Nara ភាគខាងលិចរបស់ជប៉ុន។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីបម្រើការយូរជាងគេបំផុតរបស់ប្រទេសនេះ បានទទួលមរណភាពនៅវ័យ ៦៧ឆ្នាំ។

សាលក្រមមានទោសបែបនេះ ត្រូវបានគេរំពឹងទុកថាជារឿងដ៏ប្រាកដប្រជា បន្ទាប់ពីបុរសរូបនោះបានសារភាពថា ខ្លួនបានសម្លាប់លោក អាបេ ក្នុងសវនាការលើកដំបូងនៅតុលាការប្រចាំស្រុក Nara កាលពីខែតុលា ហើយការយកចិត្តទុកដាក់គឺទៅលើភាពធ្ងន់ធ្ងរនៃការកាត់ទោស។ ក្រុមព្រះរាជអាជ្ញា បានស្វះស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីខែមុន ដោយហៅទង្វើនេះថាជា "ឧប្បត្តិហេតុធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម"។
ទោះបីជានៅពេលនោះ លោក អាបេ លែងជាមេដឹកនាំជប៉ុនក៏ដោយ ក៏លោកនៅតែជាកម្លាំងរុញច្រានដ៏មានឥទ្ធិពល និងសំខាន់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច។
ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីបុរសដែលជាឃាតកររូបនោះក្នុងពេលសវនាការនៅតុលាការថា រូបគេមានការចងគំនុំប្រឆាំងនឹងវិហារសាសនាគ្រិស្តមួយឈ្មោះ Unification Church បន្ទាប់ពីការបរិច្ចាគដ៏ច្រើនរបស់ម្តាយខ្លួនដល់វិហារនេះ បានបង្កការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគេ។ បុរសនោះបន្តថា ខ្លួនបានជះកំហឹងរបស់គេទៅលើលោក អាបេ ពីព្រោះអតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានផ្ញើសារជាវីដេអូមួយទៅកាន់ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមមានទំនាក់ទំនងជាមួយនឹងវិហារសាសនាគ្រិស្តមួយនោះ៕


