ចិន៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីអ៊ីតាលីរបស់លោកគឺលោក Luigi Di Maio កាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាដែលមិនត្រូវបានដោះស្រាយនៃប្រព័ន្ធសន្តិសុខប្លុកអឺរ៉ុប គឺជាស្នូលនៃវិបត្តិមួយដែលនៅតែបន្តក្នុងប្រទេសអ៊ុយក្រែន ហើយប្រទេសទាំងអស់ក្នុងតំបន់អឺរ៉ុបរួមទាំងរុស្ស៊ី ចាំបាច់ត្រូវរួមគ្នាដោះស្រាយជម្លោះនេះ។

លោក Wang និងលោក Di Maio បានពិភាក្សាពីយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងរិះរកមធ្យោបាយបញ្ចប់អរិភាពឲ្យបានឆាប់អំឡុងជំនួបតាមវីដេអូ។ ក្រុមមន្ត្រីចិនបានជំរុញដល់បណ្ដាប្រទេសនៅអឺរ៉ុបឲ្យដោះស្រាយក្ដីកង្វល់របស់រុស្ស៊ី។ ប្រមុខការទូតចិនរូបនេះលើកឡើងថា ទ្វីបនេះត្រូវការស្ថាបត្យកម្មសន្តិសុខដោយផ្អែកលើគោលការណ៍ នៃភាពមិនអាចបំបែកបានរបស់ខ្លួន។ លោកបាននិយាយថា មានតែការពិភាក្សាស៊ីជម្រៅ និងទូលំទូលាយជាមួយភាគីរុស្ស៊ី ដែលអនុញ្ញាតឱ្យការរៀបចំឱ្យមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោកបានរិះគន់លើការប្រើប្រាស់ទណ្ឌកម្មថា ជាឧបករណ៍នៃការបង្ខិតបង្ខំក្នុងទំនាក់ទំនងអន្តរជាតិ ដោយនិយាយថា មធ្យោបាយនេះមិនអាចដោះស្រាយបានទេ ផ្ទុយទៅវិញបែជាបង្កើតឲ្យមានបញ្ហាថ្មីមួយថែមទៀតទៅវិញទេ។ លោកបានព្រមានថា វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី សម្រាប់ការវាយប្រហាររបស់ខ្លួនប្រឆាំងលើអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុសកលលោក ថាមពល អាហារ ការដឹកជញ្ជូន ខ្សែសង្វាក់ផ្គត់ផ្គង់ និងទិដ្ឋភាពផ្សេងទៀត និងធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងជីវភាពរស់នៅរបស់ប្រជាជនរបស់ប្រទេសទាំងអស់៕
អត្ថបទ៖ សុខមាន