លោក ហ្សក រ៉ូទ្រីហ្គេស(Jorge Rodriguez) សមាជិកសភាជាន់ខ្ពស់របស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមករា ថា កំណែទម្រង់ច្បាប់ប្រេងសំខាន់របស់ប្រទេស ដែលត្រូវបានគេរំពឹងថានឹងត្រូវបានជជែកដេញដោលជាលើកដំបូងនៅសប្តាហ៍នេះនឹងផ្អែកលើរចនាសម្ព័ន្ធភាពជាដៃគូដែលត្រូវបានដាក់ចេញលើកដំបូងក្នុងអំឡុងរដ្ឋបាលរបស់ប្រធានាធិបតី លោក Nicolas Maduro។

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេស ជាបងប្អូនស្រីរបស់លោក Rodriguez គឺលោកស្រី Delcy Rodriguez បានប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានគាំទ្រការផ្លាស់ប្តូរចំពោះច្បាប់អ៊ីដ្រូកាបូន ដើម្បីជំរុញការវិនិយោគពីបរទេស។

ច្បាប់នេះ មានគំរូកិច្ចសន្យាតែមួយនៃការបណ្តាក់ទុនរួមគ្នាគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ PDVSA ប៉ុន្តែប្រទេសនេះបានដាក់ចេញអ្វីដែលគេហៅថា «កិច្ចសន្យាចូលរួមផលិតភាព» សម្រាប់ភាពជាដៃគូថ្មីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលលក្ខខណ្ឌនានារបស់វាពុំទាន់ត្រូវបានបង្ហាញយ៉ាងពេញលេញនៅឡើយ។

ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះបានទទួលប្រាក់ចំនួន៣០០លានដុល្លារពីការលក់ប្រេង ជាប្រាក់ចំណូលដំបូងពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងចំនួន៥០លានបារ៉ែលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជាមួយទីក្រុង Caracas បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro កាលពីដើមខែនេះ។ លោក Trump បាននិយាយដាច់ដោយឡែកកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានយកប្រេងចំនួន៥០លានបារ៉ែលចេញពីប្រទេសវ៉េណេស៊ុយអេឡា ហើយកំពុងលក់វាមួយចំនួននៅលើទីផ្សារបើកចំហ។