ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅអង្គារ (២០ មករា) ថា លោកមិនមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៦ នោះទេ ដោយជ្រើសរើសស្ថិតនៅអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលធ្វើឱ្យវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរឡើង។

យ៉ាងណាមិញ លោក Zelenskyy បានបន្ថែមថា លទ្ធភាពនៃការធ្វើដំណើរទៅទីក្រុងដាវ៉ូស ក៏អាចទៅរួចផងដែរ ប៉ុន្តែលុះត្រាតែ ឯកសារស្តីពីការធានាសន្តិសុខជាមួយសហរដ្ឋអាមេរិក និងផែនការវិបុលភាពអ៊ុយក្រែន ត្រូវបានត្រៀមរួចរាល់ដើម្បីចុះហត្ថលេខានៅទីនោះប៉ុណ្ណោះ «ពីព្រោះឯកសារនោះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនអ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមមួយនេះ»។

មេដឹកនាំអ៊ុយក្រែនរូបនេះលើកឡើងថា លោកជ្រើសរើសបន្តនៅទីក្រុងគីវ គឺដើម្បីជួយដោះស្រាយផលវិបាកនៃការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី ពេញមួយយប់ថ្ងៃចន្ទចូលថ្ងៃអង្គារ ដែលបានបំផ្លាញបណ្ដាផ្គត់ផ្គង់ថាមពលកម្ដៅដល់អគារផ្ទះល្វែងប្រហែលពាក់កណ្តាលនៃប្រជាជនជាង ១លាននាក់ ក្នុងទីក្រុងទាំងមូល។

ទីក្រុងមូស្គូ បានបង្កើនយុទ្ធនាការរដូវរងា ប្រឆាំងនឹងប្រព័ន្ធថាមពលដែលទ្រុឌទ្រោមរបស់អ៊ុយក្រែន ស្របពេលបន្តប្រយុទ្ធលើសមរភូមិជួរមុខផ្សេងទៀត ខណៈទីក្រុងគីវ ប្រឈមមុខនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដែលចង់ធានាបានសន្តិភាពឆាប់រហ័ស បន្ទាប់ពីសង្គ្រាមជិត ៤ឆ្នាំ ដោយមានសញ្ញាតិចតួចណាស់ដែលវិមានក្រឹមឡាំង ចង់បញ្ឈប់ការប្រយុទ្ធដ៏បង្ហូរឈាមនេះ៕