ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃចន្ទថា អ្វីដែលបានកើតឡើងនៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាការបន្តនៃការប៉ុនប៉ងបរាជ័យ» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោក Pezeshkian បានធ្វើការអត្ថាធិប្បាយនេះ អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif។ លោកបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអ៊ីរ៉ង់ប្តេជ្ញាលើកកម្ពស់ការបង្រួបបង្រួម សាមគ្គីភាព និងឯកភាពក្នុងចំណោមក្រុម គណបក្ស ជនជាតិភាគតិច និងសាសនាអ៊ីរ៉ង់ទាំងអស់ ក៏ដូចជាទំនាក់ទំនងជាមួយរដ្ឋជិតខាង និងបណ្តារដ្ឋមូស្លីម។ លោកក៏បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការបន្ថយភាពតានតឹងនៅក្នុងតំបន់ផងដែរ។
លោក Sharif បាននិយាយថា អ៊ីរ៉ង់គឺជា «ប្រទេសដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងតំបន់» ហើយបានសង្កត់ធ្ងន់ថា ប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹង និងដោះស្រាយបញ្ហានៅក្នុងតំបន់៕
