នគរបាលនីហ្សេរីយ៉ា បានបដិសេធរបាយការណ៍អំពីការវាយប្រហារព្រះវិហារ ក្នុងពេលដំណាលគ្នានៅភាគពាយ័ព្យនៃរដ្ឋ Kaduna កាលពីចុងសប្តាហ៍មុន ទោះបីជាអ្នកស្រុកបានចែករំលែកដំណើររឿងអំពីការចាប់ជំរិតនៅតាមព្រះវិហារ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារក៏ដោយ។

សមាជិកសភារដ្ឋម្នាក់គឺលោក Usman Danlami Stingo បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃចន្ទថាមនុស្ស ១៧៧ នាក់ ត្រូវបានចាប់ជំរិតដោយក្រុមប្រដាប់អាវុធមួយក្រុម កាលពីថ្ងៃអាទិត្យ។ មនុស្ស ១១ នាក់ បានរត់គេចខ្លួន ហើយ ១៦៨នាក់ នៅតែបាត់ខ្លួន។ នេះបើយោងតាមអ្នកតំណាងរាស្ត្រ និងអ្នកស្រុកដែលត្រូវបានសម្ភាសន៍ដោយកាសែត AP។

ស្នងការនគរបាលរដ្ឋ Kaduna លោក Muhammad Rabiu បានពិពណ៌នាអំពីរបាយការណ៍ព័ត៌មានអំពីការវាយប្រហារថា ជាពាក្យចចាមអារ៉ាម ដោយនិយាយថា នគរបាលបានទៅចុះទៅពិនិត្យមើលព្រះវិហារមួយ ក្នុងចំណោមព្រះវិហារទាំងបី នៅក្នុងស្រុក Kajuru ហើយ «មិនមានភស្តុតាងនៃការវាយប្រហារនោះទេ»។
នេះ គឺជារឿងធម្មតាទេដែលនគរបាល និងអ្នកស្រុកមានរបាយការណ៍ផ្ទុយគ្នាអំពីការវាយប្រហារ នៅក្នុងភូមិដែលរងគ្រោះខ្លាំងរបស់ប្រទេសនីហ្សេរីយ៉ា។
លោក Ishaku Dan'azumi ប្រធានភូមិ Kurmin Wali បាននិយាយថា៖«ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានរត់គេចពីក្រុមចោរព្រៃនោះ។ យើងទាំងអស់គ្នាបានឃើញវាកើតឡើង ហើយអ្នកណាដែលនិយាយថា វាមិនបានកើតឡើង គឺកំពុងនិយាយភូតកុហកហើយ។
ប្រទេសនីហ្សេរីយ៉ាកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធជាច្រើន ដែលបានបើកការវាយប្រហារនៅ ទូទាំងប្រទេសនេះ រួមទាំងក្រុមបូកូហារ៉ាម ( Boko Haram) និងក្រុមរដ្ឋអ៊ីស្លាម Daesh-WAP ដែលត្រូវបានលើកទឹកចិត្តខាងសាសនា និងក្រុមគ្មានរចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវបានគេហៅថា «ក្រុមចោរព្រៃ»៕