នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោកចង់ឲ្យអ៊ីស្រាអែលក្លាយជាមហាអំណាចក្នុងតំបន់ និង «ក្នុងទិដ្ឋភាពខ្លះ» ជាមហាអំណាចសកលលោក។

ការិយាល័យនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីរបស់លោក ដែលបាននិយាយក្នុងអំឡុងពេលជួបជាមួយនិស្សិតនៃមហាវិទ្យាល័យការពារជាតិថា៖«យើងបាននិយាយអំពីការសម្រេចចិត្តសំខាន់ៗដែលបានធ្វើឡើងពេញមួយសង្គ្រាមរំដោះ (ឈ្មោះផ្លូវការនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើម នៅឆ្នាំ ២០២៣) ដែលនាំឲ្យមានការផ្លាស់ប្តូរមុខមាត់នៃមជ្ឈិមបូព៌ាទាំងមូល។ ខ្ញុំបានប្រាប់ក្រុមនិស្សិតត្រង់ៗថា៖«យើងកំពុងប្រែក្លាយអ៊ីស្រាអែលទៅជាមហាអំណាចក្នុងតំបន់ និងក្នុងទិដ្ឋភាពខ្លះ ជាមហាអំណាចសកលពិភពលោក»។

លោកបានសង្កត់ធ្ងន់ថា៖«យើងត្រូវការការការពារដ៏រឹងមាំ សមត្ថភាពផលិតកម្មឯករាជ្យ និងដើម្បីពង្រឹងគុណសម្បត្តិទំនាក់ទំនងរបស់យើង។ ភារកិច្ចនេះ គឺច្បាស់លាស់។ ការទទួលខុសត្រូវ គឺពិតជាធំធេង ណាស់។ យើងនឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីជាប្រយោជន៍ដល់សន្តិសុខ និងអនាគតរបស់អ៊ីស្រាអែល»៕