អាមេរិក៖ ក្រុមហ៊ុនបណ្ដាញសង្គម Meta របស់ Facebook បានបញ្ជាក់ថា សំណេរបញ្ជាក់ពីពាក្យសម្ដីស្អប់ខ្ពើមក្នុងការអំពាវនាវឲ្យប្រើកម្លាំងតបពេលនេះ ត្រូវបានអនុញ្ញាតហើយនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និង Instagram ជាការដាក់គោលដៅលើរុស្ស៊ី និងជាប្រធានបទនៃការសន្ទនាជាប់ពាក់ព័ន្ធនឹងការរុលទៅមុខខាងយោធារបស់ទីក្រុង Moscow នៅក្នុងប្រទេសអ៊ុយក្រែន។

គោលការណ៍ដែលត្រូវបានកែប្រែស្ដីពីអំពើហិង្សា និងការញុះញង់នឹងត្រូវអនុវត្តក្នុងប្រទេសដូចជាអ៊ុយក្រែន និងប៉ូឡូញ ហើយនឹងអនុញ្ញាតឲ្យមានការប្រើវោហារសាស្ត្រហិង្សាប្រឆាំងនឹងជនជាតិរុស្ស៊ី និងទាហានរុស្ស៊ី។ ការផ្លាស់ប្ដូរគោលនយោបាយនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Reuters ដោយសំអាងលើសារអេឡិចត្រូនិកផ្ទៃក្នុងពីកម្មវិធីឬ Platforms នានារបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញទំនាក់ទំនងសង្គម Facebook និង Instagram។

ចំណងជើងដំបូងរបស់សារព័ត៌មាន Reuters បានសរសេរថា Facebook និង Instagram អនុញ្ញាតឱ្យមានការអំពាវនាវឱ្យមានអំពើហិង្សាលើជនជាតិរុស្ស៊ីជាបណ្តោះអាសន្ន ទោះបីជាក្រោយមកត្រូវបានផ្លាស់ប្ដូរឲ្យ Facebook អនុញ្ញាតឱ្យបង្ហោះជាបណ្ដោះអាសន្នអំពីសង្គ្រាមអ៊ុយក្រែន ដែលអំពាវនាវឱ្យមានអំពើហិង្សាប្រឆាំងនឹងការឈ្លានពានរុស្ស៊ី ឬការស្លាប់របស់លោក Putin បន្ទាប់ពីអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានការចាប់អារម្មណ៍ជាទូទៅ៕
អត្ថបទ៖ សុខមាន