ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញនូវការជឿជាក់ថា សហភាពអឺរ៉ុប (EU) នឹងបន្តវិនិយោគ នៅសហរដ្ឋអាមេរិក ទោះបីជាលោកបានដាក់អត្រាពន្ធថ្មី ទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីគ្រប់គ្រងកោះ Greenland ក៏ដោយ ជាសំណើមួយដែលធ្វើឲ្យមេដឹកនាំនៅទ្វីបនេះខឹងសម្បា។

កាលពីព្រឹកថ្ងៃអង្គារ (ទី២០ ខែមករា) ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា ការគំរាមកំហែងរបស់លោក Trump គឺជា «កំហុសឆ្គង» ដែលនឹងរំលោភលើកិច្ចព្រមព្រៀងដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០២៥ ជាមួយប្លុកនេះ។ ហើយមន្ត្រីនៅអឺរ៉ុប បានចាប់ផ្តើមរៀបចំព្រាងផែនការសងសឹក ដែលអាចបង្កឲ្យមានការតបតវិញ ហើយកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានប៉ះពាល់។
ប៉ុន្តែប្រធានាធិបតីអាមេរិក បាននិយាយសម្រាលពីលទ្ធភាពដែលអាចនឹងមានការតបតនេះ។ អំឡុងសន្និសីទសារព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា នៅពេលត្រូវបានសួរថា តើការជំរុញទៅមុខជាមួយនឹងដំណើរការដំឡើងពន្ធ ទាក់ទងនឹងដែនដី Greenland អាចធ្វើឲ្យសហភាពអឺរ៉ុបលុបចោលការសន្យាវិនិយោគដែរ ឬទេ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំមិនជឿបែបនោះឡើយ។ ពួកគេត្រូវការកិច្ចព្រមព្រៀងនោះខ្លាំងណាស់ ជាមួយយើង។ ពួកគេពិតជាត្រូវការវាណាស់។ ពួកគេប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបានវា។ ដូច្នេះ ខ្ញុំមិនជឿថា រឿងនោះកើតឡើងឡើយ»។
គួរបញ្ជាក់ថា លោក Trump បានប្រកាសដំឡើងពន្ធ ១០ភាគរយលើទំនិញពីប្រទេសអឺរ៉ុបចំនួន ៨ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដោយបង្កើនដល់ ២៥ភាគរយនៅក្នុងខែមិថុនា ប្រសិនបើលោកមិនទទួលបានកិច្ចព្រមព្រៀង «ទិញកោះ Greenland» ជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងជាសមាជិកសហភាពអឺរ៉ុប៕

