ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) បាននិយាយថា អង្គការណាតូ បានប្រែទៅជារឹងមាំជាងមុន ក្រោមការដឹកនាំរបស់លោក ខណៈពេលដែលសង្កត់ធ្ងន់ថា សម្ព័ន្ធភាពយោធាមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន លោក Trump ត្រូវបានគេសួរថា តើលោកនៅតែប្តេជ្ញាចិត្ត ក្នុងការបន្តឲ្យសហរដ្ឋអាមេរិកមានវត្តមាននៅក្នុងណាតូដែរ ឬទេ។
លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំមាននូវទំនាក់ទំនងល្អបែបនេះ។ ខ្ញុំបានធ្វើឲ្យវាកាន់តែប្រសើរឡើង កាន់តែរឹងមាំជាងមុន។ វាល្អណាស់។ ឥឡូវនេះ អង្គការណាតូកាន់តែរឹងមាំជាងមុន»។
តែយ៉ាងណាក្ដី បើទោះជាលោកបង្ហាញការគាំទ្រទូទៅ ចំពោះសម្ព័ន្ធភាពនេះក៏ដោយ ក៏លោក Trump បានសម្តែងការរិះគន់ផងដែរ ចំពោះសកម្មភាពកន្លងមករបស់អង្គការនេះ ដែលភាគច្រើនលោក បាននិយាយថា មានមុនការកាន់តំណែងរបស់លោក។
មេដឹកនាំអាមេរិកបានបន្ថែមថា៖ «ខ្ញុំមិនយល់ស្របឡើយ ចំពោះរឿងជាច្រើនដែលពួកគេបានធ្វើ ប៉ុន្តែរឿងទាំងនោះត្រូវបានធ្វើមុនពេលខ្ញុំឈរនៅទីនេះ (សេតវិមាន)។ ខ្ញុំគិតថា អង្គការណាតូ គឺល្អ។ ពេលខ្លះ សម្ព័ន្ធនេះត្រូវបានគេឲ្យតម្លៃហួសហេតុពេក ប៉ុន្តែយើងមាន អង្កការណាតូដ៏ខ្លាំងក្លាមួយ។ នៅពេលដែលខ្ញុំមកទីនេះ យើងមានអង្គការណាតូដ៏កម្សោយមួយ។ ប្រសិនបើណាតូមិនមានយើងទេនោះ ណាតូក៏មិនគួរឲ្យញញើតដែរ»៕

