មន្ត្រីអាមេរិកម្នាក់ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែអាចដឹកនាំក្រុមប្រឹក្សាសន្តិភាពដែលលោកបានស្នើឡើង បន្ទាប់ពីលោកចាកចេញពីសេតវិមាន។
កាលពីថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះ បានប្រាប់ថា លោក Trump នៅតែបន្តតំណែងប្រធាន រហូតដល់លោកលាលែងពីតួនាទីនេះ។ មន្ត្រីរូបនោះបានបន្ថែមថា ប្រធានាធិបតីនាពេលអនាគត អាចជ្រើសរើសតែងតាំង ឬចាត់តាំងតំណាងផ្លូវការរបស់សហរដ្ឋអាមេរិក នៅក្នុងក្រុមប្រឹក្សាភិបាលនេះ។

លទ្ធភាពនៃការមានឋានៈជាប្រធានពេញមួយជីវិត សម្រាប់លោក Trump គឺជាបញ្ហាស្មុគស្មាញចុងក្រោយបំផុត នៅក្នុងការបង្កើតគំនិតផ្តួចផ្តើមការទូតដ៏សំខាន់នេះ ដែលកំពុងបង្កឲ្យមានការជំទាស់ពីមេដឹកនាំក្រុមប្រទេសទាំង៧ ហើយកើតឡើងនៅពេលដែលរដ្ឋបាលនេះកំពុងស្វែងរកការបញ្ជាក់ឲ្យច្បាស់លាស់ថា តើអ្នកណាខ្លះនឹងស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនេះ ថា តើស្ថាប័ននេះនឹងត្រូវបានគ្រប់គ្រងយ៉ាងដូចម្ដេច និងថា តើវានឹងមានតួនាទីបែបណាទៅ។
កាលពីសប្តាហ៍មុន សេតវិមានបានប្រកាសពីតំណាងជាច្រើន នៅក្នុងក្រុមប្រឹក្សាភិបាលប្រតិបត្តិ ដែលរួមមានទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner ប៉ុន្តែយ៉ាងណាក្ដី វានៅតែមិនច្បាស់ទេថា តើពួកគេត្រូវបានរាប់បញ្ចូលជាអ្នកតំណាងរបស់សហរដ្ឋអាមេរិក ឬបំពេញតួនាទីក្នុងនាមបុគ្គល។
ហើយអ្វីដែលធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់លោក Trump ទៀតនោះ គឺសេចក្តីព្រាងធម្មនុញ្ញមួយដែលសារព័ត៌មាន Bloomberg បានឃើញ ជាសំណើឲ្យប្រទេសនានាចូលរួមចំណែកយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ដើម្បីធានាបានសមាជិកភាពអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាភិបាលនេះ។ សេចក្តីព្រាងនោះ ក៏ហាក់ដូចជាបង្ហាញផងដែរថា លោក Trump ផ្ទាល់ នឹងគ្រប់គ្រងថវិកានេះ៕

