នគរបាលនៅរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា បាននិយាយថា ក្រុមចោរប្លន់ប្រដាប់អាវុធ បានចាប់ជម្រិតអ្នកភូមិរាប់សិបនាក់ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយច្រានចោលពីដំបូងចំពោះឧបទ្ទេវហេតុមួយនេះ។
លោក Benjamin Hundeyin គឺជាអ្នកនាំពាក្យនគរបាលជាតិនីហ្សេរីយ៉ានិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារថា ការចាប់ជម្រិតពិតជាបានកើតឡើងមែនកាលពីថ្ងៃអាទិត្យ ហើយក្រុមនគរបាលបានចុះប្រតិបត្តិការសន្តិសុខ ដោយផ្តោតសំខាន់លើការកំណត់ទីតាំង និងការជួយសង្រ្គោះជនរងគ្រោះដោយសុវត្ថិភាព ក៏ដូចជាស្តាឡើងវិញភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ។
លោក Hundeyin និយាយថា ការបដិសេធន៍ចោលកាលពីដំបូងដោយក្រុមនគរបាល និងក្រុមមន្រ្តីផ្សេងទៀត មានគោលបំណងការពារភាពតក់ស្លុតមិនចាំបាច់ ខណៈការពិតនឹងត្រូវបញ្ជាក់ឲ្យដឹង ។
សេចក្តីថ្លែងការណ៍របស់នគរបាល ពុំបាននិយាយពីចំនួនមនុស្សប៉ុន្មាននាក់ ត្រូវបានចាប់ជម្រិតនោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP លោក Danlami Stingo គឺជាតំណាងរាស្រ្តរដ្ឋ Kaduna បានដាក់ចំនួនមនុស្សបាត់ខ្លួន ១៦៨នាក់ ។
លោក Reverend John Hayab គឺជាប្រធានសមាគមគ្រិស្តនីហ្សេរីយ៉ានៅតំបន់ភាគខាងជើងប្រទេស និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ក្រុមគោរពបូជាយ៉ាងហោច ១៧២នាក់ ត្រូវបានចាប់ជម្រិត ហើយក្រោយមកមនុស្ស ៩នាក់ បានរត់គេចខ្លួនរួច ធ្វើឲ្យមនុស្ស ១៦៣នាក់ កំពុងបាត់ខ្លួន ។
សូមបញ្ជាក់ថា ការចាប់ជម្រិតកាលពីថ្ងៃអាទិត្យ គឺជាការវាយឆ្មក់ចុងក្រោយគេនៃរលកចាប់ជម្រិតដែលមានគោលដៅទាំងគ្រិស្តសាសនិក និងជនមូស្លីម នៅក្នុងប្រទេសនីហ្សេរីយ៉ា ៕

