ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំការងាររវាងអនុរដ្ឋមន្ត្រី Mikhail Ivanov និងរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែអូម៉ង់ Salim bin Nasser Al-Aufiថា ប្រទេសអូម៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីសហការ និងអនុវត្តគម្រោងរួមគ្នាជាមួយរុស្ស៊ី ក្នុងវិស័យប្រេង និងឧស្ម័ន។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ភាគីអូម៉ង់បានបញ្ជាក់ពីការត្រៀមរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងរួមគ្នា ក្នុងវិស័យប្រេង និងឧស្ម័ន ហើយក៏បានសម្តែងចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថាមពលបៃតង និងអ៊ីដ្រូសែនរបស់រុស្ស៊ីផងដែរ»។

នាពេលមុននេះ ភាគីទាំងពីរបានបង្កើត និងអនុម័តផែនទីបង្ហាញផ្លូវសហប្រតិបត្តិការ ដែលទិដ្ឋភាព សំខាន់ៗមួយ គឺការអនុវត្តស្តង់ដាដែលបង្កើតឡើងដោយវិទ្យាស្ថានគំនិតផ្តួចផ្តើមបច្ចេកវិទ្យាប្រេង និង ឧស្ម័ន (INTI) នៅតាមសហគ្រាសអូម៉ង់។ ឯកសារទាំងនេះ នឹងជួយសម្រួលដល់ការចូលប្រើប្រាស់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់រុស្ស៊ី ដើម្បីចូលរួមក្នុងការដេញថ្លៃរបស់អូម៉ង់។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ស្តង់ដាបែបនេះចំនួន ៨ ត្រូវបានអនុម័តរួចហើយ។
យោងតាមផែនទីបង្ហាញផ្លូវនេះ ចំនួនស្តង់ដារបស់ INTI ដែលត្រូវបានអនុម័ត ត្រូវបានគ្រោងនឹងកើនឡើងដល់ ៣០ នៅចុងឆមាសទី១ នៃឆ្នាំ ២០២៦ ហើយយ៉ាងហោចណាស់ផលិតផលរុស្ស៊ីដែលមានវិញ្ញាបនបត្រ INTI ចំនួន ៥ ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យមានការស្នើដេញថ្លៃពីក្រុមហ៊ុនឈានមុខគេរបស់ប្រទេសអូម៉ង់៕
