បាល់ទាត់៖ កីឡាករដែលទើបតែចូលវ័យ២០ឆ្នាំ អ៊ាន ពិសី បានទទួលរងរបួសកជើងក្នុងការប្រកួតថ្មីៗនេះ ហើយនឹងអវត្តមានពីការប្រកួតយ៉ាងហោចណាស់ពីរខែ។ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានប្រាប់ឱ្យដឹងថា កូនក្រុមរបស់លោករងរបួសធ្ងន់ ហើយបានធ្វើការវះកាត់របួសកជើងកាលពីថ្ងៃច័ន្ទ។ របួសនេះនឹងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះអវត្តមានពីរខែ។
កីឡាករ អ៊ាន ពិសី ដែលផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រងរបួសក្នុងការប្រកួតជាមួយអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីប៉ះទង្គិចជាមួយអតីតមិត្តរួមសាលា ខ្សែការពារ អ៊ឹម វិនុន ខណៈដែលការប្រកួតលេងមិនបាន ២នាទីស្រួលបួលផង។ ភ្លាមនោះរូបគេ ក៏ត្រូវជំនួសដោយកីឡាកររៀបច្បង ប្រាក់ មុនីឧត្តម។ សូមជម្រាបជួនថា អ៊ាន ពិសី ជាកីឡាករយុវជនទី៣ ដែលក្លិបម្ចាស់ពានរង្វាន់សម្តេចតេជោ ៥ដង ព្រះខ័នរាជស្វាយរៀង នាំយកមករួមក្លិបបន្ទាប់ពីកីឡាករ ជូ ស៊ិនទិ និងកីឡាករ រី លាភផេង៕
អត្ថបទ៖ គង់ ហួន