កងកម្លាំងយោធាអាមេរិក កាលពីថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) បានឡើងទៅលើ ហើយគ្រប់គ្រងនាវាដឹកប្រេងទី៧ ដែលមានទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា ដោយនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋបាលនៃលោកប្រធានាធិបតី Donald Trump ដើម្បីគ្រប់គ្រងប្រេងរបស់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។
ទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានឲ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គមថា កងកម្លាំងអាមេរិក បានឃាត់នាវា Motor Vessel Sagitta «ដោយគ្មានបញ្ហាអាក្រក់អ្វីឡើយ» ហើយថា នាវាដឹកប្រេងនេះ កំពុងប្រតិបត្តិការប្រឆាំងនឹង «ការបិទខ្ទប់នាវាជាប់ទណ្ឌកម្ម នៅក្នុងតំបន់ការ៉ាអ៊ីបរបស់លោកប្រធានាធិបតី Trump»។

តែទីបញ្ជាការយោធានេះ មិនបានបញ្ជាក់ឲ្យដឹងថា តើឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានគ្រប់គ្រងនាវាដឹកប្រេងនេះ ដូចករណីរឹបអូសពីមុនដែរ ឬទេ។ ទាំងមន្ទីរបញ្ចកោណ និងទីបញ្ជាការភូមិភាគខាងត្បូង បានប្រាប់ថា ពួកគេគ្មានអ្វីត្រូវផ្ដល់ទៀតឡើយ នៅពេលត្រូវបានស្នើសុំព័ត៌មានលម្អិតបន្ថែម។
នាវា Sagitta គឺជានាវាដឹកប្រេងដែលមានទង់ជាតិលីបេរីយ៉ា ហើយការចុះបញ្ជី បញ្ជាក់ថា វាត្រូវបានគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនមួយ នៅទីក្រុងហុងកុងរបស់ប្រទេសចិន។ នាវាដឹកប្រេងនេះត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ក្រោមក្រឹត្យមួយ ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
