ប្រធានាធិបតីប៉េរូលោក Jose Jeri ត្រូវបានស្នើសុំឲ្យបង្ហាញខ្លួនមុខសភា ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ចំពោះជំនួបដែលលោកមានជាមួយធុរជនចិន នៅក្រៅរបៀបវារៈផ្លូវការរបស់លោក ដែលត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញាសាធារណៈ ក្នុងរឿងអាស្រូវនយោបាយថ្មី ដែលកំពុងធ្វើឲ្យរង្គោះរង្គើរដល់ប្រទេសមួយនេះ ។
លោក Jeri ដែលបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ ២០២៥ ក្រោយការបណ្តេញអតីតប្រធានាធិបតីលោកស្រី Dina Boluarte ចេញពីតំណែងនោះ បានផ្ញើរលិខិតមួយច្បាប់ដល់សភាកាលពីថ្ងៃអង្គារ ស្នើសុំចូលរួមថ្ងៃបន្ទាប់ នៅគណៈកម្មាធិការត្រួតពិនិត្យនីតិបញ្ញត្តិ ដែលកំពុងស៊ើបអង្កេតរូបលោកផងដែរ ជុំវិញជំនួបនោះ ។

ជំនួបរបស់លោក Jeri ជាមួយធុរជនចិន Zhihua Yang ដែលជាម្ចាស់ហាងពាណិជ្ជកម្ម ហើយនិងផ្តល់សម្បទានសម្រាប់គម្រោងថាមពលនោះ បង្ខំឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះកង្វះខាតតម្លាភាព និងអំពើពុករលួយដ៏មានសក្តានុពល ។
សូមបញ្ជាក់ថា នៅប្រទេសប៉េរូ ជំនួបរបស់ប្រធានាធិបតីជាធម្មតាត្រូវតែរួមបញ្ចូលរបៀបវារៈផ្លូវការ ។ យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក Jeri បានជួបលោក Zhihua Yang កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ។
លោក Jeri បាននិយាយពីករណីនេះ អំឡុងការធ្វើដំណើរទៅកាន់កូដកម្មរបស់អ្នកបើកបរដឹកជញ្ជូន ។ ក្រោយមកនៅថ្ងៃអាទិត្យ លោក Jeri បានធ្វើការសុំទោសជាសាធារណៈចំពោះជំនួបដំបូង ដែលជាការស្រស់ស្រូបអាហារពេលល្ងាចនៅភោជនីយដ្ឋានចិន ក្នុងទីក្រុង Lima ៕
