រដ្ឋាភិបាលន័រវ៉ែស នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនចូលរួមនោះឡើយ ជាមួយ «ក្រុមប្រឹក្សាសន្តិភាព» ផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានបង្ហាញការខកចិត្តរបស់លោក ចំពោះប្រទេសអឺរ៉ុបខាងជើងមួយនេះ បន្ទាប់ពីត្រូវបានបដិសេធមិនឲ្យទទួលបានពានរង្វាន់ណូបែលសន្តិភាព។
រដ្ឋមន្ត្រីការបរទេស លោក Kristoffer Thoner បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សំណើរបស់អាមេរិក បាននាំមកនូវភាពមិនច្បាស់លាស់មួយចំនួន» ដែលតម្រូវឲ្យមាន «ការសន្ទនាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក»។
លោក Thoner បានបញ្ជាក់ថា «ដូច្នេះ ប្រទេសន័រវ៉ែស នឹងមិនចូលរួមក្នុងការរៀបចំដែលត្រូវបានស្នើឡើង ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពនេះទេ ហើយហេតុដូច្នេះ នឹងមិនចូលរួមពិធីចុះហត្ថលេខា នៅទីក្រុង Davos ប្រទេសស្វីសទេ» ហើយលោកបានបន្ថែមថា ន័រវ៉ែសនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ដើមឡើយ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការកសាងឡើងវិញ សម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែយោងតាមធម្មនុញ្ញរបស់ស្ថាប័ននេះ វិសាលភាពហាក់ដូចជាមិនកំណត់តួនាទីរបស់ខ្លួន ត្រឹមតែដែនដីប៉ាឡេស្ទីននោះឡើយ។
ជាមួយគ្នានេះដែរ រដ្ឋបាលសហរដ្ឋអាមេរិក បានស្នើឲ្យប្រទេសនានាចំណាយរហូតដល់ ១ពាន់លានដុល្លារ ដើម្បីទទួលបានកន្លែងអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាភិបាលនេះ ដែលលោក Trump នឹងធ្វើជាប្រធាន៕