នៅថ្ងៃពុធនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ(TEPCO) នឹងចាប់ផ្តើមឡើងវិញម៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ក្រោយការអង្កេតត្រូវបានបញ្ចប់ ដែលជាការចាប់ផ្តើមលើកដំបូងរបស់ខ្លួន ចាប់តាំងពីគ្រោះមហន្តរាយ Fukushima កាលពីឆ្នាំ ២០១១ ។
ក្រុមហ៊ុន TEPCO និយាយថា ពួកគេនឹងដាក់អនឡាញ ក្រោយម៉ោង ៧ល្ងាច ម៉ោងក្នុងស្រុកថ្ងៃពុធនេះ នូវម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ១,៣៦ជីហ្គាវ៉ាត់ លេខ ៦ ដែលស្ថិតនៅក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៧នៅរោងចក្រ Kashiwazaki-Kariwa ដែលជាស្ថានីយថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក និងមានសមត្ថភាពផលិតថាមពលកម្លាំង ៨,២ជីហ្គាវ៉ាត់ នៅពេលដែលវាពេញសមត្ថភាព ។
ការចាប់ផ្តើមឡើងវិញម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ត្រូវបានពន្យាពេលនៅថ្ងៃអង្គារ ពេលដែលក្រុមហ៊ុន TEPCO ស៊ើបអង្កេតដំណើរការខុសប្រក្រតី ។ មកទល់នឹងព្រឹកថ្ងៃពុធ បញ្ហានោះ បានដំណើរការធម្មតាវិញហើយ ។
ម៉ាស៊ីនរ៉េអាក់ទ័រលេខ ៦ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងតូក្យូ ដែលជាទីក្រុងដ៏មមាញឹកបំផុតរបស់ជប៉ុន នៅដំណាច់ខែកុម្ភៈខាងមុខ ។
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi កំពុងជំរុញការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រថ្មី ជាពិសេសម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ថ្មីមានម៉ូឌុលតូច SMR ក្នុងនោះកាលពីពេលកន្លងទៅ រដ្ឋាភិបាលលោកស្រីបានប្រកាសគម្រោងផ្តល់មូលនិធិសាធារណៈថ្មី ដើម្បីពន្លឿនការវិលត្រឡប់មករកថាមពលនុយក្លេអ៊ែរវិញ របស់ជប៉ុន ៕