ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ របស់អ៊ុយក្រែន បានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ តាមដែលពួកគេអាចធ្វើបាន ដើម្បីរស់រានពីរដូវរងាដ៏ត្រជាក់ និងងងឹតបំផុត អំឡុងសម័យសង្រ្គាម ។
លោក Anton Rybikov គឺជាឪពុកកូន ២នាក់ កូនប្រុស David អាយុ ៣ឆ្នាំ និងកូនប្រុស Matvii និយាយថា ពេលដែលគ្មានអគ្គិសនី កម្តៅក៏គ្មានដែរ វាមានន័យថា ផ្ទះល្វែងរបស់លោកកកអស់ហើយ ។
មន្រ្តីបម្រើកងទ័ពវ័យ ៣៩ឆ្នាំម្នាក់នេះ និយាយថា កាលពីពេលថ្មីៗនេះ កុនប្រុសម្នាក់របស់លោក ឆ្លងជំងឺផ្តាសាយធ្ងន់ ក្រោយសីតុណ្ហភាពនៅក្នុងផ្ទះល្វែងរបស់លោកធ្លាក់ចុះដល់ ៩អង្សាសេ អំឡុងដាច់ចរន្តអគ្គសនី រយៈពេលជាង ១៩ម៉ោង បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី ។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល លើទីក្រុងគីវ ទីក្រុង Kharkiv និងទីក្រុង Dnipro ។
ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់-១៨អង្សាសេនៅទូទាំងរដ្ឋធានីគីវ ការវាយប្រហារនេះ មានន័យថា ពលរដ្ឋរាប់សែននាក់ ក្នុងចំណោមពលរដ្ឋ ៣លាននាក់ នៅក្នុងទីក្រុងមួយនេះ ពិបាករស់នៅដោយសារការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹក ។
កាលពីថ្ងៃអង្គារ ក្រោយការវាយប្រហារទ្រង់ទ្រាយធំទាំងយប់របស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា មនុស្សជាង ១លានគ្រួសារនៅក្នុងក្រុងគីវ គ្មានថាមពលប្រើប្រាស់នោះទេ ៕