តំបន់ចុងបូព៌ារបស់រុស្ស៊ី បានមើលឃើញព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៦០ឆ្នាំ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា រដូវរងាដែលកំពុងវាយប្រហារនៅទូទាំងតំបន់អាស៊ី ស៊ីបេរីខាងកើតនិងអឺរ៉ុបដែលអាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនោះ កំពុងធ្វើឲ្យប៉ះពាល់ប្រព័ន្ធខ្យល់អាក់ទិក ។
លោកសាស្រ្តាចារ្យ Jos Lelieveld គឺជាអ្នកជំនាញរូបវិទ្យាបរិយាកាស និយាយថា អាកាសធាតុខុសប្រក្រតីនេះ មានទំនាក់ទំនងនឹងខ្យល់អស្ថិរភាព និងបោកបក់ខ្លាំងដែលនាំឲ្យខ្យល់អាក់ទិកធ្វើដំណើរកាន់តែឆ្ងាយទៅកាន់តំបន់ភាគខាងត្បូង ខុសពីធម្មតា ។
លោក Lelieveld និយាយថា ព្រិលធ្លាក់ក្នុងរដូវរងា គឺជារឿងធម្មតាទេ ប៉ុន្តែខ្យល់អាក់ទិកបក់កាន់តែឆ្ងាយទៅកាន់តំបន់ភាគខាងត្បូង នឹងធ្វើឲ្យវាខុសប្រក្រតីខ្លាំងជាងមុន ហើយការកើតឡើងអាកាសធាតុត្រជាក់ញឹកញាប់ ក៏កាន់តែខុសប្រក្រតីដែរ ។
លោកនិយាយទៀតថា ដោយសារបម្រែបម្រួលអាកាសធាតុ តំបន់អាក់ទិកក្តៅលឿនជាងមុនច្រើន ដូច្នេះហើយ នេះគឺជាហេតុផលដែលខ្យល់អាក់ទិក កាន់តែអស្ថិរភាព ។
សូមបញ្ជាក់ថា អាកាសធាតុត្រជាក់ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរនៅទូទាំងតំបន់ បណ្តាលឲ្យបិទផ្លូវនៅចិន ជាប់អ្នកដំណើរតាមអាកាសនៅជប៉ុន និងធ្វើឲ្យតំបន់ចុងបូព៌ារបស់រុស្ស៊ី មានព្រិលធ្លាក់ខ្លាំងបំផុត ៕