លោក Josua Pardede គឺជាប្រធានសេដ្ឋវិទូរបស់ធនាគារ Permata និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ភាពតានតឹងសកល និងបញ្ហានយោបាយក្នុងស្រុក គឺជាកត្តាសំខាន់នៅពីក្រោយរូបិយប័ណ្ណឥណ្ឌូនេស៊ីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pardede និយាយផងដែរថា អត្រាធ្លាក់ថ្លៃដល់ជិត ១៧.០០០រូពី ក្នុង ១ដុល្លារ មិនអាក្រក់បំផុតនោះទេ ក្នុងលក្ខខណ្ឌប្រវត្តិសាស្រ្ត ។
លោកថា ការចុះថ្លៃនេះ មិនធំដុំ ឬជ្រៅដូចការធ្លាក់ថ្លៃ អំឡុងវិបត្តិឆ្នាំ ១៩៩៧-៩៨នោះទេ ពេលដែលប្រាក់រូពីធ្លាក់ថ្ងៃពី ៤ពាន់រូពីក្នុង ១ដុល្លារ ដល់ ១៦.០០០រូពី ក្នុង ១ដុល្លារ ។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានសន្យាថានឹងរក្សាឯករាជ្យភាពរបស់ធនាគារកណ្តាល ក្រោយការភ័យខ្លាចចេះតែបន្តកើតមានពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងគោលនយោបាយរូបិយវត្ថុថា នឹងធ្វើឲ្យរូបិយប័ណ្ណឥណ្ឌូនេស៊ី ធ្លាក់ដល់កម្រិតទាបបំផុតជាប់កំណត់ត្រាក្នុងពេល ១ថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រាក់រូពីឥណ្ឌូនេស៊ី បានហើបបន្តិចវិញចំនួន ០,៣ភាគរយ ឡើងដល់ ១៦.៩៨៥រូពី ក្នុង ១ដុល្លារ ពេលដែលវិនិយោគិនភ័យខ្លាចចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Prabowo Subianto តែងតាំងក្មួយប្រុសរបស់លោកជាទេសាភិបាលធនាគារជាតិឥណ្ឌូនេស៊ី និងស្ថិរភាពហិរញ្ញវត្ថុ ៕