បាតុភូត “Aurora Borealis” ដែលគេស្គាល់ថាជា “ពន្លឺភាគខាងជើង” ត្រូវបានគេមើលឃើញនៅតាមតំបន់មួយចំនួនរបស់អឺរ៉ុប រួមទាំងនៅអង់គ្លេស ហុងគ្រី អាល្លឺម៉ង់ និងប៉ូឡូញ កាលពីយប់ថ្ងៃចន្ទ ជាមួយនឹងពន្លឺចែងចាំងបៃតង-ផ្កាឈូក ជះលើផ្ទៃមេឃនៅភាគខាងជើង ។
លោកសាស្រ្តាចារ្យ Jos Lelieveld គឺជាអ្នកជំនាញរូបវិទ្យាបរិយាកាស និយាយថា ពន្លឺភាគខាងជើងនេះ កើតចេញពីព្យុះព្រះអាទិត្យបញ្ចេញភាគល្អិតល្បឿនលឿន ដែលធ្វើឲ្យបាតុភូតនេះមើលឃើញនៅជិតប៉ូលខាងជើង ។
លោក Lelieveld បន្តថា សកម្មភាពប្រព័ន្ធព្រះអាទិត្យដ៏ខ្លាំងក្លានេះ ពេលខ្លះអាចរំខានដល់ប្រព័ន្ធទំនាក់ទំនង និងថាមពល ដោយសារប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្កាយរណប ។
លោកនិយាយទៀតថា សព្វថ្ងៃពួកយើងពឹងផ្អែកខ្លាំងលើប្រព័ន្ធផ្កាយរណប សម្រប់ប្រព័ន្ធ GPS ឬប្រព័ន្ធទំនាក់ទំនងផ្សេងទៀត ដូច្នេះហើយវាអាចនឹងប៉ះពាល់ ដូចជាកង្វះខាតថាមពល ការដាច់ថាមពល ដោយសារតែបាតុភូតនេះ ។ ពន្លឺភាគខាងជើង គឺជាបាតុភូតធម្មជាតិ មិនទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនោះទេ ។
សកម្មភាពពន្លឺភាគខាងជើងកើនឡើង ពាក់ព័ន្ធនឹងព្រះអាទិត្យ ពេលដែលពន្លឺព្រះអាទិត្យឡើងដល់កម្រិតកំពូលនៃវដ្ត ១១ឆ្នាំ ដែលគេស្គាល់ថាជា កម្រិតពន្លឺព្រះអាទិត្យអតិបរមា ពេលដែលសកម្មភាពព្រះអាទិត្យកាន់តែខ្លាំង និងធ្វើឲ្យពន្លឺភាគខាងជើងកើតឡើងញឹកញាប់ ៕