ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ ២១ មករាសប្ដាហ៍នេះ ថា លោកបានឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយដែលធ្វើឲ្យលោកពេញចិត្តលើបញ្ហាកោះហ្គ្រីនលែន ខណៈលោកបានងាកចេញទាំងពីការគំរាមកំហែងដណ្តើមយកកោះនេះដោយកម្លាំងពីប្រទេសដាណឺម៉ាក ទាំងការដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប។

លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះមានរយៈពេលវែង ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច ហើយនៅស្ងៀមពុំបញ្ជាក់តើកិច្ចព្រមព្រៀងនេះនឹងមានន័យថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើកោះអាកទិក ដែលលោកបានទាមទារម្តងហើយម្តងទៀត ឬអត់។

លោកបានផ្លាស់ប្តូរជំហរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។
លោក Trump បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម Truth Social របស់លោកថា ពួកលោកបានបង្កើតក្របខណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគតជាមួយនឹងការគោរពទាក់ទងនឹងកោះហ្គ្រីនលែន ក៏ដូចជាតំបន់អាកទិកទាំងមូល។

លោកប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ដូច្នេះលោកនឹងលុបចោលពន្ធរហូតដល់ ២៥% ដែលលោកបានសន្យាកាលពីប៉ុន្មានថ្ងៃមុនថានឹងដាក់ចាប់ពីថ្ងៃទី ១ កុម្ភៈ លើប្រទេសដាណឺម៉ាក ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធ ដែលបានបញ្ជូនកងទ័ពទៅកាន់ហ្គ្រីនលែនក្នុងសាមគ្គីភាព រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។
ក្រោយមក លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានពីស្ថាប័នព័ត៌មាននានា រួមទាំងសារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងនេះ ទទួលបានអ្វីគ្រប់យ៉ាងដែលពួកលោកចង់បាន ហើយនឹងចូលជាធរមានជារៀងរហូត៕