ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយចំនួនអ្នកស្លាប់ផ្លូវការដំបូងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលថ្មីៗនេះដែលរុញឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ដោយរាយការណ៍ថាមានតែមនុស្ស៣.១១៧នាក់ប៉ុណ្ណោះ បានស្លាប់ក្នុងអំឡុងពេលបង្ក្រាប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Press TV កាលពីថ្ងៃពុធ ២១មករា សប្ដាហ៍នេះ មូលនិធិទុក្ករបុគ្គលអ៊ីរ៉ង់ បាននិយាយថាមនុស្ស២.៤២៧នាក់ ក្នុងចំណោមអ្នកដែលបានស្លាប់ ក្នុងបាតុកម្ម គឺជាជនស៊ីវិល និងកងកម្លាំងសន្តិសុខ។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា មនុស្ស៤.៥១៩នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលរលកនៃការតវ៉ា រួមទាំងអ្នកតវ៉ា៤.២៥១នាក់ បុគ្គលិកសន្តិសុខ ១៩៧ នាក់ មនុស្ស ៣៥នាក់ដែលមានអាយុក្រោម១៨ ឆ្នាំ និងអ្នកឈរមើលហេតុការណ៍៣៨នាក់ ដែលខ្លួននិយាយថា៣៨នាក់នោះ មិនមែនជាអ្នកតវ៉ា ឬបុគ្គលិកសន្តិសុខនោះទេ។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ខាងលើ ក៏បាននិយាយផងដែរថា ការស្លាប់បន្ថែមចំនួន៩.០៤៩នាក់ កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ។
បាតុកម្ម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែធ្នូ២០២៥ ពីសំណាក់ក្រុមអាជីវករតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរីយ៉ាល់ និងអតិផរណា ក៏ដូចជាការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ បានរីករាលដាលក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ហិង្សាទូទាំងប្រទេស៕
