ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១១នាក់ រួមទាំងក្មេងប្រុស ២នាក់ និងអ្នកកាសែត ៣នាក់ ក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា នៅតំបន់ប៉ាឡេស្ទីនមួយនេះ កាលពីថ្ងៃពុធ (២១ មករា) ដោយនោះជាអំពើហិង្សាចុងក្រោយបង្អស់ដែលធ្វើឱ្យខូចដល់បទឈប់បាញ់ជាច្រើនខែមកនេះ នៅក្នុងតំបន់ដែលខ្ទេចខ្ទាំដោយសង្គ្រាម។

ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតប៉ាឡេស្ទីន ៣នាក់ ដែលធ្វើដំណើរក្នុងរថយន្តមួយគ្រឿងជាកម្មសិទ្ធិរបស់គណៈកម្មាធិការអេហ្ស៊ីបសម្រាប់ការកសាងឡើងវិញនៃតំបន់ហ្កាហ្សា។ អ្នកកាសែតទាំងនោះកំពុងឆ្ពោះទៅបំពេញភារកិច្ចផ្ដិតយកទិដ្ឋភាពនៃជំរំជនភៀសខ្លួនមួយកន្លែងនៅកណ្តាលដែនដីហ្កាហ្សា។ ឧប្បត្តិហេតុនេះបាននាំឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីអន្តរជាតិ។

សារព័ត៌មានក្នុងស្រុករបស់អ៊ីស្រាអែល រាយការណ៍ថា អ្នកកាសែត៣នាក់ ដែលត្រូវបានសម្លាប់នោះ មានម្នាក់ធ្វើការឱ្យទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ ក្នុងការអត្ថាធិប្បាយលើឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងអ្នកកាសែតនេះ យោធាអ៊ីស្រាអែលអះអាងថា កងទ័ពខ្លួនបានកំណត់អត្តសញ្ញាណ «ជនសង្ស័យជាច្រើននាក់ ដែលបានបញ្ជាដ្រូន ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស» នៅកណ្តាលហ្កាហ្សា។
បន្ទាប់ពីឧប្បត្តិហេតុនេះ អេហ្ស៊ីប បានដាក់ពាក្យបណ្តឹងតវ៉ាផ្នែកការទូតយ៉ាងខឹងសម្បារទៅកាន់អ៊ីស្រាអែល និងទាមទារឱ្យមានការបំភ្លឺ។ ករណីនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន ដោយរិះគន់ខ្លាំងៗចំពោះហិង្សាដ៏បង្ហូរឈាមលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។ គណៈកម្មាធិការការពារអ្នកកាសែត បាននិយាយថា ខ្លួនបានចងក្រងឯកសារអំពីការស្លាប់អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ២០៦នាក់ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក៕


