អឺរ៉ុប៖ អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសលោក Josep Borrell បានព្រមានថា ប្លុកអឺរ៉ុបត្រូវតែធ្វើអ្វីដែលអាចជៀសផុតពីការរីកកាន់តែធំនៃសង្គ្រាម ស្របពេលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត។ ថ្លែងទៅកាន់សារព័ត៌មាន Franceinfo កាលពីថ្ងៃព្រហស្បតិ៍ លោក Borrell បានអះអាងថា អឺរ៉ុបនឹងបញ្ជូនអាវុធ និងយុទ្ធោបករណ៍ការពារជាតិដោយគ្មានសង្ស័យទៅកាន់អ៊ុយក្រែន ដរាបណាការប៉ះទង្គិចយោធាជាមួយរុស្ស៊ីបន្ត។

ទោះមានសំណើនេះក៏ដោយលោកបានបញ្ជាក់ច្បាស់ៗថា សហភាពអឺរ៉ុបត្រូវតែប្រុងប្រយ័ត្នដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី ព្រោះនោះអាចនឹងនាំឲ្យមានសង្គ្រាមលោកលើកទី៣។ ការអត្ថាធិប្បាយរបស់អ្នកតំណាងសហភាពអឺរ៉ុប មានឡើង បន្ទាប់ពីប្លុកនេះបានដាក់ទណ្ឌកម្មជុំថ្មីលើរុស្ស៊ី និងបេឡារុសដោយសារតែសកម្មភាពយោធារបស់ក្រុង Moscow នៅក្នុងប្រទេសអ៊ុយក្រែន។ ដោយការកាត់ផ្ដាច់ធនាគាររបស់បេឡារុសចេញពីប្រព័ន្ធសេវាផ្ទេរប្រាក់ SWIFT ដែលជាការប៉ះទង្គិចដល់វិស័យយោធារបស់រុស្ស៊ី និងការរឹតត្បិតលើក្រុមតំណាងរាស្ត្រ និងមេដឹកនាំធុរកិច្ចចំនួន ១៦០នាក់របស់រុស្ស៊ី។

ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការដាក់ទណ្ឌកម្ម លើរុស្ស៊ីខាងហិរញ្ញវត្ថុចំពោះជម្លោះនៅអ៊ុយក្រែន លោក Borrell បានបង្ហាញការប្រុងប្រយ័ត្នអំពីលទ្ធភាព នៃការហាមប្រាមលើការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ដោយអះអាងថានេះជាការសម្រេចចិត្តដ៏លំបាកសម្រាប់ប្លុកនេះ ខណៈដែលសហភាពអឺរ៉ុបពឹងផ្អែកការនាំចូលថាមពលយ៉ាងច្រើនពីរុស្ស៊ី៕
អត្ថបទ៖ សុខមាន