ភ្នំពេញ៖ មាតាបិតា និងអាណាព្យាបាល ដែលជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបន្តនាំកូនចៅ អាយុចាប់ពី៣ ទៅ៥ឆ្នាំ ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ខណៈកុមារអាយុពី៦ ទៅ១២ឆ្នាំ កំពុងទទួលចាក់ដូស ជំរុញទី៣ នៅតាមទីកន្លែង ដែលអាជ្ញាធរបានរៀបចំរួចរាល់។
លោកវេជ្ជបណ្ឌិត សួង វិសេស ប្រធានមណ្ឌលសុខភាពព្រែកថ្មី ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ បានលើកឡើងថា ជាមធ្យមមានប្រជាពលរដ្ឋទាំងមនុស្សធំ និងកុមារ មកទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណពីជាង ១០០នាក់ ទៅ៣០០នាក់ ហើយការចាក់នេះ មានចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅដែលក្នុងនោះមានដូសទី១ ទី២ ទី៣ និងដូសទី៤។
លោក បានបន្តថា ចំពោះកុមារអាយុ៣ទៅ៥ឆ្នាំ ដែលមកទទួលវ៉ាក់សាំងក្នុងមួយថ្ងៃៗជាមធ្យម ជាង៥០នាក់ ហើយរហូតមកដល់ពេលនេះ កុមារក្រុមអាយុនេះ មកចាក់វ៉ាក់សាំងក្នុងមណ្ឌលព្រែកថ្មី មានជាង៦០០នាក់ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ នៅតែបន្តផ្សព្វផ្សាយ ឲ្យពួកគេមកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា។
លោកវេជ្ជបណ្ឌិត សួស វិសេស បានបញ្ជាក់ថា ទោះបីនៅមណ្ឌលសុខភាពព្រែកថ្មី កំពុងដំណើរ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែសកម្មភាពទទួលព្យាបាលអ្នកជំងឺទូទៅ រួមទាំងការផ្ដល់ វ៉ាក់សាំងផ្សេងៗដល់ទារក កុមារ និងសេវាកម្មឆ្លងទន្លេ នៅតែមានបន្តធ្វើដដែល ពុំមានឈប់នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធិ