រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស និងដាណឺម៉ាក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃពុធ ទី២១ ខែមករា ថា វិធីសាស្រ្តរបស់សម្ព័ន្ធយោធាណាតូចំពោះដែនដីហ្គ្រីនលែន គួរតែរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែក៏មើលឃើញវត្តមានយោធាកាន់តែច្រើនពីសម្ព័ន្ធមិត្តណាតូផងដែរ។

ថ្លែងនៅក្នុងរដ្ឋធានីកូភែនហាក ប្រទេសដាណឺម៉ាក រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា NATO គួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាចំពោះដែនដីហ្គ្រីនលែនពីការគំរាមកំហែងពីសំណាក់រុស្ស៊ី និងចិន។
សមភាគីដាណឺម៉ាករបស់លោក បានយល់ស្រប និងបាននិយាយថា «យើងគួរតែសកម្មជាងនេះ យើងគួរតែវិនិយោគបន្ថែមទៀត ហើយយើងគួរតែធ្វើការងារបន្ថែមទៀតជាមួយគ្នា»។ ភាគីទាំងពីរ បាននិយាយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលលោកបាននិយាយជាថ្មីម្តងទៀតថា លោកចង់ឱ្យសហរដ្ឋអាមេរិកទទួលបានដែនដីហ្គ្រីនលែនមកគ្រប់គ្រង ទោះបីជាលោកនឹងមិនប្រើកម្លាំងក៏ដោយ។
រដ្ឋមន្ត្រីទាំងពីរ បាននិយាយអំពីសមយុទ្ធយោធាដែលបានគ្រោងទុកធ្វើឡើដោយក្រុមប្រទេសអឺរ៉ុបដឹកនាំដោយចក្រភពអង់គ្លេសនៅឆ្នាំខាងមុខនៅដែនដីហ្គ្រីនលែន។ មេដឹកនាំណាតូ បានព្រមានថា យុទ្ធសាស្ត្រដែនដីហ្គ្រីនលែនរបស់លោកTrump អាចធ្វើឱ្យសម្ព័ន្ធភាពធ្លាកាចុះ ខណៈមេដឹកនាំប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនលែន បានផ្តល់នូវមធ្យោបាយជាច្រើនសម្រាប់វត្តមានរបស់សហរដ្ឋអាមេរិកកាន់តែច្រើននៅលើដែនដីកោះយុទ្ធសាស្ត្រដែលមានប្រជាជនចំនួន៥៧.០០០នាក់មួយនេះ។

