ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ សមាមូលនឹង ៤,៩៨ ប៊ីលានដុល្លារ ខណៈស្របភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ។
តួលេខពាណិជ្ជកម្មនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។
កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទេ្វភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប គឺជាផលិតផលកសិកម្ម រួមមានអង្ករ វាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ខណៈដែលទំនិញសំខាន់ៗដែលព្រះរាជាណាចក្រនាំចូលពីសហភាពអឺរ៉ុបរួមមាន៖ សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថជាដើម។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសញ្វអាវុធ (EBA) កិច្ចសហប្រតិបត្តិការបច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
បន្ថែមពីលើនេះ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួត។ ប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភា ក្នុងអំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីទាំងពីរបានកត់សម្គាល់ អំពីវឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់សហភាពអឺរ៉ុបដល់ការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ

