សហរដ្ឋអាមេរិក៖ ប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានគាំទ្រចំពោះការអំពាវនាវឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានគាំទ្រការអត្ថាធិប្បាយរបស់លោកស្រី ហើយបានព្រមានរុស្ស៊ីលើការប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price និយាយថា រដ្ឋាភិបាលរុស្សីបានប្រើប្រាស់អាវុធគីមី ដែលត្រូវបានហាមឃាត់លើប្រជាជនរបស់ខ្លួនកាលពីអតីតកាល។ បញ្ហាផ្សេងទៀតគឺការព្រួយបារម្ភដែលយើងដឹងអំពីយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ជាពិសេសយុទ្ធសាស្ត្របំភាន់ព័ត៌មាន។ នៅក្នុងចក្រភពអង់គ្លេសនាយករដ្ឋមន្ត្រីអង់គ្លេសលោក Johnson និយាយថា វិមានក្រឹមឡាំងកំពុងរៀបចំរឿងក្លែងក្លាយដែលថា អាវុធគីមីកំពុងត្រូវបានរក្សាទុកដោយគូបដិបក្ខ ឬដោយអាមេរិកដើម្បីជាលេសសម្រាប់ការដាក់ពង្រាយអាវុធដោយខ្លួនឯង។
លោក Ned Price បានរិះគន់ទីក្រុងមូស្គូចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ។ លោកនិយាយថា យើងបានឃើញរបាយការណ៍គួរឱ្យទុកចិត្តបំផុត នៃការវាយប្រហារដោយចេតនាលើជនស៊ីវិល ដែលនឹងស្ថិតនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវជាឧក្រិដ្ឋកម្មសង្គ្រាម។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើមន្ទីរពេទ្យក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ហើយបានអះអាងថា ការបំផ្ទុះដែលវាយប្រហារអគារនេះត្រូវបានរៀបចំឡើង ដើម្បីលាបពណ៌ប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន