នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានប្រាប់សារព័ត៌មានអារ៉ាប់ថា វឌ្ឍនភាពកំពុងដំណើរការ នៅក្នុងកិច្ចចរចាអំពីកសាងឡើងវិញនៅតំបន់ហ្កាហ្សា ជាមួយនឹងការសន្ទនាច្បាស់លាស់រវាងអាជ្ញាធរប៉ាឡេស្ទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបេសកជនពិសេស លោក Steve Witkoff។

លោក Mustafa បាននិយាយថា៖«ខ្ញុំគិតថា គោលបំណងរបស់ប៉ាឡេស្ទីន គឺច្បាស់លាស់ណាស់ វាមានរយៈពេលយូរមកហើយ ដែលត្រូវបង្កើតរដ្ឋឯករាជ្យផ្ទាល់ខ្លួន ដោយមានសេចក្តីសម្រេចពីអន្តរជាតិ» ហើយលោកកត់សម្គាល់ថា៖«យើងត្រូវធ្វើឲ្យតំបន់ហ្កាហ្សាឲ្យមានស្ថិរភាពជាមុនសិន»។

ទោះបីជាមានបទឈប់បាញ់ដែលធ្វើឡើងនៅដើមឆ្នាំ ២០២៥ ក៏ដោយ ក៏តំបន់ហ្កាហ្សា នៅតែស្ថិតនៅក្រោមអ្វីដែលសហគមន៍អន្តរជាតិពិពណ៌នាថា ជាការបិទផ្លូវដោយបង្ខំដោយអ៊ីស្រាអែល។ ការផ្គត់ផ្គង់ជាមូលដ្ឋានដូចជាអាហារ និងថ្នាំពេទ្យ នៅតែជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់ទីក្រុង Tel Aviv ដែលគ្រប់គ្រងការចូល និងចេញពីតំបន់ហ្កាហ្សាទាំងមូល។
កាលពីថ្ងៃអាទិត្យ (ទី ១៨ ខែមករា) លោក ត្រាំ បានប្រកាសថា ផែនការហ្កាហ្សារបស់លោក បានចូលដល់ដំណាក់កាលទី ២ របស់ខ្លួន ដែលក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ទាំងអស់ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត និងដកកងកម្លាំងរបស់ខ្លួនចេញទាំងស្រុង ជាជំហានមួយដែលតួអង្គអន្តរជាតិនិយាយថា គួរតែបើកផ្លូវពីបទឈប់បាញ់ ទៅកាន់សន្តិភាពយូរអង្វែង។
ការបង្កើតគណៈកម្មាធិការជាតិបច្ចេកទេសសម្រាប់រដ្ឋបាលតំបន់ហ្កាហ្សា ឬ NCAG ដែលមានសមាសភាពនៃឥស្សរជនប៉ាឡេស្ទីន គឺជាជំហានជាក់ស្តែងដំបូងឆ្ពោះទៅរកការអនុវត្តផែនការ និងស្តារការគ្រប់
គ្រងរបស់ប៉ាឡេស្ទីនឡើងវិញ នៅដំណាក់កាលបន្ទាប់៕