ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យ ប្រាកដថា ដំណើរការទាក់ទងនឹងតំបន់ហ្កាហ្សា មានឥទ្ធិពលវិជ្ជមានទៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះជម្លោះមជ្ឈិមបូព៌ា។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ប្រមុខរដ្ឋរូបនេះ បានចង្អុលបង្ហាញថា ការស្នើសុំឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលទីក្រុងមូស្គូបានទទួល គឺភាគច្រើននិយាយអំពីការដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា និងការស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលប្រជាជនប៉ាឡេស្ទីន កំពុងជួបប្រទេះ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖«ក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ពីរឿងសំខាន់បំផុត។ រឿងសំខាន់បំផុត គឺធ្វើឲ្យប្រាកដថាដំណើរការទាំងមូលមានឥទ្ធិពលវិជ្ជមានទៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនឹងផ្អែកលើការសម្រេចដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ។ តម្រូវការ និងសេចក្តីប្រាថ្នាសំខាន់ៗរបស់ប្រជាជនប៉ាឡេស្ទីន គួរតែត្រូវបានយកមកពិចារណា»។
យោងតាមលោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានឲ្យដឹងថា ការស្នើសុំឲ្យចូលរួមនេះ គឺនិយាយអំពីការកសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប រួមទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម មណ្ឌលសុខភាព និងប្រព័ន្ធផ្គត់ផ្គង់ទឹក ព្រមទាំងធានាការផ្គត់ផ្គង់ស្បៀងអាហារដែលមិនមានការរំខាន៕
