អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ទី២១ ខែមករា ថា ការបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការរឹតបន្តឹងដំណើរការបានរំខានដល់ការផ្គត់ផ្គង់ទឹកភាគច្រើននៅទីក្រុងហ្កាហ្សា ខណៈស្ថានភាពរដូវរងានៅតែបន្តបង្កហានិភ័យដល់ជនស៊ីវិល។ អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា ប្រហែល៧០%នៃការផលិតទឹកសរុបនៅទីក្រុងហ្កាហ្សាបច្ចុប្បន្នត្រូវបានរំខាន ដោយសារតែការលំបាកក្នុងការជួសជុលបណ្តាញផ្គត់ផ្គង់ទឹក Mekorot ដែលតភ្ជាប់ពីអ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សា។

លោកបាននិយាយថា ផ្នែកមួយនៃបំពង់ដែកដែលត្រូវការជួសជុល មិនអាចធ្វើទៅបានឡើយនៅក្នុងតំបន់ហ្កាហ្សា ហើយត្រូវបានរឹតត្បិតមិនឱ្យចូល។ លោក Haq បាននិយាយបន្ថែមថា សំណើរបស់ដៃគូជំនួយដើម្បីជួសជុលអណ្តូង Safa ដែលជាប្រភពទឹកសំខាន់មួយផ្សេងទៀតសម្រាប់ទីក្រុង ក៏ត្រូវបានបដិសេធដោយអាជ្ញាធរអ៊ីស្រាអែល។
លោក Haq និយាយថា ដៃគូជំនួយកំពុងស្វែងរកប្រភពទឹកជំនួស និងបង្កើនការដឹកជញ្ជូនទឹកដើម្បីរក្សាការទទួលបានទឹកស្អាត។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការពង្រីកដំណើរការជំនួយសំខាន់ៗ រួមមានទាំងសម្ភារៈដែលត្រូវបានកំណត់ថាប្រើប្រាស់បានពីរមុខ ហើយបើគ្មានវាទេ សេវាជាមូលដ្ឋានមិនអាចស្តារឡើងវិញបានឡើយ។
លោក Haq បាននិយាយថា ការស្លាប់របស់កុមារម្នាក់ទៀតដែលទាក់ទងនឹងកាខ្វះកម្តៅត្រូវបានរាយការណ៍ដោយអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានៅសប្តាហ៍នេះ ដែលធ្វើឱ្យចំនួនសរុបនៃការស្លាប់ដែលបានរាយការណ៍ទាក់ទងនឹងអាកាសធាតុត្រជាក់នៅរដូវកាលនេះឡើងដល់៩នាក់។
